កាសែត The Nation បានរាយការណ៍នៅថ្ងៃទី១៩ ខែកក្កដា ថា ព័ត៌មាននេះបានបង្កជាព្យុះសង្ឃរា និងក្តីបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនួញថៃ។ មូលហេតុគឺដោយសារតែសហរដ្ឋអាម៉េរិក គឺជាឆ្នាំងបាយ និងជាទីផ្សារនាំចេញធំបំផុតរបស់ថៃ តាំងពីទំនិញគ្រឿងសមុទ្រ ផលិតផលកសិកម្មកែច្នៃ រហូតដល់គ្រឿងអេឡិចត្រូនិច និងទំនិញឧស្សាហកម្មធំៗ។
គួរបញ្ជាក់ថា មាត្រា៣០១ មិនមែនជាច្បាប់ធម្មតាឡើយ វាគឺជាឧបករណ៍ពាណិជ្ជកម្មដ៏ម៉ឺងម៉ាត់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់ប្រើកម្ទេចសេដ្ឋកិច្ចចិនមកហើយក្នុងសង្គ្រាមពាណិជ្ជកម្មរឿងកម្មសិទ្ធិបញ្ញា។ ឱ្យតែអាម៉េរិកមើលឃើញថា គោលនយោបាយ ឬការអនុវត្តរបស់ដៃគូប៉ះពាល់ដល់ផលប្រយោជន៍ ឬមុខមាត់របស់ខ្លួន អាម៉េរិកមានសិទ្ធិចាត់វិធានការដាក់ទណ្ឌកម្ម និងបិទច្រកទ្វារពាណិជ្ជកម្មភ្លាមៗ។
សម្រាប់ករណីប្រទេសថៃសម្ពាធលើកនេះមិនមែនជារឿងឱនភាពជញ្ជីងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាគឺជាការចាក់ចំចំណុចរសើបនៃស្តង់ដាពលកម្ម និងតម្លាភាពសកល។ កន្លងមកទោះបីជារដ្ឋាភិបាលទីក្រុងបាងកក បានខិតខំប្រឹងប្រែងលាងជម្រះមុខមាត់ ដោយការពន្លឿនការចុះបញ្ជីពលករ ត្រួតពិនិត្យទូកនេសាទ និងតាមដានប្រភពដើម នៃផលិតផលយ៉ាងណាក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់ឡើយ។ អ្វីដែលសហរដ្ឋអាម៉េរិកចង់បាន មិនមែនជាលិខិតស្នាម ឬការសន្យានៅលើក្រដាសនោះទេ ប៉ុន្តែគឺ លទ្ធផលជាក់ស្តែង ដែលអាចបង្ហាញទៅកាន់ពិភពលោកថា គ្មានឈាម ឬញើសរបស់ពលកររងគ្រោះដោយការបង្ខិតបង្ខំ ជាប់មកជាមួយទំនិញដែលនាំចូលទៅកាន់ដីអាម៉េរិកនោះឡើយ។
ប្រសិនបើថៃមិនអាចដោះស្រាយវិបត្តិទំនុកចិត្ត និងការរំលោភសិទ្ធិមនុស្សដ៏រ៉ាំរ៉ៃនេះបានទេ វិស័យនាំចេញរបស់ថៃនឹងត្រូវរងការវាយប្រហារយ៉ាងដំណំ ដែលអាចរុញច្រានសេដ្ឋកិច្ចថៃឱ្យធ្លាក់ចូលក្នុងរណ្តៅកាន់តែជ្រៅ៕
អត្ថបទៈ សួន ឡង់ទី