រឿងអាស្រូវប្រឡងចូលក្របខណ្ឌមន្ត្រីនៅប្រទេសថៃ កំពុងបែកធ្លាយកាន់តែធំ ខណៈក្រសួងមហាផ្ទៃថៃ បានកំណត់អត្តសញ្ញាណបេក្ខជនចំនួន៥,៩២៥នាក់ ដែលពិន្ទុប្រឡងត្រូវបានចាត់ទុកថាមានភាពមិនប្រក្រតី ហើយបានបញ្ជូនឈ្មោះទៅប៉ូលិស និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ។ ការស៊ើបអង្កេតមិនបានផ្តោតតែលើបេក្ខជននោះទេ ប៉ុន្តែក៏កំពុងតាមដានអ្នកសម្របសម្រួល និងភ្នាក់ងារដែលសង្ស័យថា មានតួនាទីរៀបចំការក្លែងបន្លំលទ្ធផលប្រឡង។ តាមការបង្ហើបឱ្យដឹងថា ភ្នាក់ងារខ្លះអាចជួយបេក្ខជនយ៉ាងច្រើនចន្លោះពី៥០ទៅ១០០នាក់ ដើម្បីឱ្យជាប់ការប្រឡង។
អ្វីដែលធ្វើឱ្យរឿងនេះកាន់តែក្តៅ គឺក្រសួងមហាផ្ទៃថៃ បានបញ្ជាក់ថា អ្នកនយោបាយ និងគ្រួសារអ្នកមានឥទ្ធិពលមួយចំនួនអាចជាប់ពាក់ព័ន្ធ។ ប៉ុន្តែរហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់បញ្ចេញឈ្មោះជាសាធារណៈនៅឡើយទេ ហើយកំពុងផ្តោតជាពិសេសលើប្រភពហិរញ្ញវត្ថុ ដើម្បីស្វែងរកថា តើមានការផ្ទេរប្រាក់ ឬផលប្រយោជន៍អ្វីខ្លះនៅពីក្រោយការក្លែងបន្លំនេះ។
រដ្ឋាភិបាលថៃបានប្រកាសជំហរថា គ្មានអ្នកណាអាចនៅពីលើច្បាប់បានឡើយ។ ប្រសិនបើមានភ័ស្តុតាងបញ្ជាក់ថា មានជាប់ពាក់ព័ន្ធមិនថា ជាមន្ត្រីរាជការ អ្នកនយោបាយ ឬបុគ្គលមានឥទ្ធិពលណាក៏ដោយ គឺនឹងត្រូវប្រឈមចំណាត់ការតាមច្បាប់។
ជាមួយគ្នានេះអតីតសមាជិកសភា ថេបថៃ សែនភុង (Thepthai Senpong) បានទាមទារឱ្យលោកអានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃថៃបកស្រាយឱ្យច្បាស់ថា តើបេក្ខជនដែលត្រូវដកឈ្មោះចេញពីបញ្ជីប្រឡង នឹងត្រូវប្រឈមវិធានការតាមច្បាប់ដែរឬទេ? ហើយថា តើការប្រឡងទាំងមូលគួរត្រូវធ្វើឡើងវិញឬយ៉ាងណា? រឿងអាស្រូវនេះកំពុងក្លាយជាការសាកល្បងដ៏ធំសម្រាប់រដ្ឋាភិបាលថៃ ថាតើខ្លួនអាចអនុវត្តច្បាប់ដោយតឹងរ៉ឹង និងគ្មានការលើកលែង សូម្បីតែចំពោះអ្នកមានអំណាចកម្រិតណា៕
ដោយ: តែម សុខុម