ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ (NESDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានចាត់ទុកតួលេខដ៏គួរឱ្យខកចិត្តនៃកំណើនផលិតផលក្នុ្ងងស្រុកសរុបរបស់ខ្លួនថា ការធ្លាក់ចុះនេះ គឺដោយារតែការថយចុះក្នុងវិស័យកសិកម្ម និងវិស័យមិនមែនកសិកម្ម ស្របតាមការធ្លាក់ចុះចំណាយលើការប្រើប្រាស់ចុងក្រោយរបស់រដ្ឋាភិបាល និងការនាំចេញ និងការនាំចូលទំនិញ។
បើទោះបីជាមានការកើនឡើងជាង៨% ក្នុងការប្រើប្រាស់ឯកជនក៏ដោយ ប៉ុន្តែតម្រូវការខាងក្រៅចុះខ្សោយ និងការថយចុះផលិតកម្មបានទាញទម្លាក់វិស័យឧស្សាហកម្មរបស់ប្រទេសនេះ សម្រាប់រយៈពេល២ត្រីមាសជាប់ៗគ្នា គឺធ្លាក់ចុះជិត៣%។ ហើយការនាំចេញទំនិញបានធ្លាក់ចុះជាង៣% នៅក្នុងត្រីមាសទី៣ ខណៈដែលសេវាកម្មនៃការនាំចេញទំនិញបានកើនឡើងជាង២៣% ដោយសារតែការកើនឡើងនូវចំនួនភ្ញៀវទេសចរបរទេស។
វិស័យសេវាកម្មបានកើនឡើងជិត៤% ដោយសារតែការកើនឡើងនូវវិស័យស្នាក់នៅនិងម្ហូបអាហារ ការដឹកជញ្ជូន ពាណិជ្ជកម្មលក់ដុំ និងលក់រាយ និងការជួសជុលយានយន្ត និងម៉ូតូ ប៉ុន្តែតួលេខនេះនៅទាបជាងតួលេខាកាលពីត្រីមាសទី២។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ រំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើង២,៥%នៅឆ្នាំនេះ ជាកម្រិតទាបជាងការព្យាករកាលពីលើកមុនដោយរំពឹងទទួលបានចន្លោះពី២,៥%ទៅ៣% និងទាបជាងកំណើនក្នុងឆ្នាំ២០២២ បន្តិច ដែលមានអត្រា២,៦%។ ហើយនៅឆ្នាំក្រោយនេះ ក្រុមប្រឹក្សានេះបានព្យាករថា សេដ្ឋកិច្ចរបស់ថៃនឹងកើនឡើងពី២,៧% ទៅ៣,៧%។
ការស្ទុះងើបឡើងវិញនូវការនាំចេញ និងទេសចរណ៍នៅរដូវកាលកំពូលនៅចុងឆ្នាំនេះ នឹងក្លាយជាអត្ថប្រយោជន៍ដ៏ចាំបាច់សម្រាប់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដែលកំណត់គោលដៅរបស់ខ្លួនសម្រាប់កំណើន៥% ក្នុងរយៈពេលបួនឆ្នាំ។
នាយករដ្ឋមន្រ្តីថៃ លោក ស៊ីថា ថាវីស៊ីន កំពុងប្រឈមនឹងការពន្យារពេលក្នុងគោលនយោបាយកាបូបឌីជីថល ដ៏លេចធ្លោរបស់លោក ដែលនឹងត្រូវចាក់បញ្ចូលទឹកប្រាក់ជាង១៤ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចតាមរយៈការចែកប្រាក់ដល់ពលរដ្ឋថៃម្នាក់ៗចំនួន២៨៥ដុល្លារ។
ការព្យាករសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាខាងលើសម្រាប់ឆ្នាំ២០២៤ មិនបានរាប់បញ្ចូលការជំរុញកម្មវិធីកាបូបឌីជីថលដែលត្រូវបានសភាអនុម័តជាច្បាប់នោះទេ និងជម្នះបញ្ហាប្រឈមផ្នែកច្បាប់ដ៏មានសក្ដានុពល។ អគ្គលេខាធិការក្រុមប្រឹក្សានេះ លោក ដានូចា ពិចាយ៉ាណាន់ (Danucha Pichayanan) បានចង្អុលបង្ហាញពីវិធានការផ្សេងទៀតដើម្បីពង្រីកសេដ្ឋកិច្ចថៃ ពោលគឺការវិនិយោគ និងកំណើនការនាំចេញ៕
អត្ថបទ៖ សុខ ជា