វិស័យដឹកជញ្ជូន

គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge របស់ថៃ តម្លៃជិត៣០ពាន់លានដុល្លារអាម៉េរិក គ្រោងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៥


រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក សុរិយា ជួងរុងរឿងគីត (Suriya Juangroongruangkit) បានប្រកាសថា គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge របស់ថៃ ក្រោមទុនវិនិយោគរហូតដល់ទៅជិត៣០ពាន់លានដុល្លារអាម៉េរិក គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ហើយតាមការព្យាករ គម្រោងខ្នាតយក្សនេះនឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ឱ្យឈានដល់រង្វង់៥,៥% ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យដឹកជញ្ជូន
ដោយ

គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge របស់រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះហើយ ដោយដំណាក់កាលទី១ នៃគម្រោងនេះពាក់ព័ន្ធនឹងការធ្វើសេចក្ដីព្រាងច្បាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដើម្បីបង្កើតក្របខណ្ឌគតិយុត្តិច្បាស់លាស់។

លោក សុរិយា ជួងរុងរឿងគីត បានគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនប្រតិបត្តិករនាវាចរណ៍ធំៗដូចជា ក្រុមហ៊ុន Dubai Port World មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួមជាដើម បានចុះសិក្សាដល់ទីតាំងរួចហើយ ដើម្បីវាយតម្លៃពីសក្តានុពលនៃគម្រោងនេះ។ សេចក្ដីព្រាងច្បាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងការបង្កើតការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ត្រូវបានរំពឹងថានឹងឈានដល់ការសម្រេចចុងក្រោយនៅពាក់កណ្តាលឆ្នាំ២០២៥ ហើយការរចនាប្លង់សម្រាប់ផ្លូវដែក និងប្រព័ន្ធផ្លូវល្បឿនលឿន ព្រមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ក៏នឹងត្រូវបានត្រៀមរៀបចំផងដែរ។

លោក សុរិយា ជួងរុងរឿងគីត បាននិយាយថា ការត្រួតពិនិត្យលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ដោយការិយាល័យគោលនយោបាយធនធានធម្មជាតិ និងបរិស្ថានថៃ (MNRE) គ្រោងធ្វើឡើងនៅឆ្នាំ២០២៥ ដែលស្របតាមការរចនាប្លង់កំពង់ផែ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៤ នេះ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា ការតាក់តែងសេចក្តីព្រាងលើកសំណើ (RFP) នឹងរួចរាល់នៅឆ្នាំ២០២៥ ហើយការជ្រើសរើសវិនិយោគិនគ្រោងធ្វើឡើងនៅត្រីមាសទី៣ ឆ្នាំដដែល។ សំណើគម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge នឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តនៅឆ្នាំ២០២៥ ហើយកិច្ចសន្យាជាមួយក្រុមហ៊ុនដេញថ្លៃដែលបានជ្រើសរើសនឹងត្រូវចុះហត្ថលេខានៅដើមឆ្នាំ២០២៦។

សូមបញ្ជាក់ថា តាមផែនការ គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge តម្លៃជិត៣០ពាន់លានដុល្លារអាម៉េរិក​នេះនឹងត្រូវបែងចែកជា៣ដំណាក់កាល ដោយដំណាក់កាលទី១៖ ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ហើយគ្រោងបញ្ចប់ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០៣០ ហើយដំណាក់កាលទី២៖ ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០៣១ ហើយគ្រោងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០៣៤ ចំណែកឯដំណាក់កាលទី៣៖ ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០៣៥ ហើយគ្រោងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០៣៦។

របាយការណ៍ពីការិយាល័យគោលនយោបាយដឹកជញ្ជូន និងចរាចរណ៍ និងការធ្វើផែនការ (OTP) របស់ថៃ បានញ្ជាក់ថា គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge នឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃពី៤%ឱ្យឈានដល់៥,៥%ក្នុងមួយឆ្នាំៗ ដូចគ្នាទៅនឹងការព្យាករដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC)៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អង់គ្លេសសម្រេចចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក

ចក្រភពអង់គ្លេស កាលពីចុងសប្តាហ៍មុន បានសម្រេចចូលរួមជាមួយកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែល…

ថៃ រកចំណូលបានជាង៤៤ពាន់លានដុល្លារពីភ្ញៀវទេសចរបរទេសនៅជិក១ឆ្នាំកន្លងមកនេះ

នៅជិតមួយឆ្នាំ២០២៤នេះ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត៣៣លាននាក់ ដែលជាចំនួនមួយច្រើនជាងគេបំផុតនៅក្នុងចំណោមដៃគូប្រកួតប្រជែងនៅក្នុងតំបន់មួយចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ