បំណុលមិនដំណើរការនៅក្នុងប្រទេសថៃ ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា មានរហូតដល់ជាង៣៤ពាន់លានដុល្លារ ខណៈដែលទំហំបំណុលគ្រួសារនៅក្នុងប្រទេសនេះ បានកើនឡើងដល់ជាង៣៩០ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៤។ ការិយាល័យឥណទានជាតិរបស់ថៃ បានបង្ហាញថា នៅក្នុងអំឡុងពេលនេះទំហំប្រាក់កម្ចីមិនដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមបានកើនឡើងរហូតដល់ទៅ២០%ឯណោះ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក សុរាពល អូផាសាធៀន ( SurapolOpasatien) ប្រធាន និងជានាយកប្រតិបត្តិការិយាល័យឥណទានជាតិថៃបានសម្តែងការព្រួយបារម្ភអំពីបន្ទុកបំណុល ដែលកំពុងកើនឡើង ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លោកបានលើកឡើងថា ខណៈពេលដែលកំណើនបំណុលគ្រួសារទាំងមូលបានធ្លាក់ចុះ របាយការណ៍បានបង្ហាញពីការកើនឡើងគួរឱ្យព្រួយបារម្ភពាក់ព័ន្ធបំណុលអាក្រក់របស់សហគ្រាសធុនតូច និងមធ្យម។
លោកបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងដាក់ចេញវិធានការជួយដោះស្រាយបំណុលគ្រួសារសម្រាប់ពលរដ្ឋថៃ ស្ថាប័នពាក់ព័ន្ធ ក៏គួរយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយដល់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។ នៅក្នុងស្ថានភាពនេះ មានសេចក្តីរាយការណ៍ថា ថៃបានដាក់ចេញនូវវិធានការមួយចំនួន ដែលរួមមាន វិធានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាដើម ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុដល់អ្នកជំពាក់បំណុល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃវិធានការទាំងនេះនៅមិនទាន់បង្ហាញពីសញ្ញាវិជ្ជមានឆ្លើយតបនឹងវិបត្តិនៅឡើយទេ៕