
បើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ អ្នកជំនាញសេដ្ឋកិច្ចរបស់ថៃ ហាក់បើកភ្លើងខៀវឲ្យរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បង្កើនទំហំបំណុលសាធារណៈ ឱ្យដល់ជាង៧០% នៃផលិតផលនៅក្នុងស្រុកសរុបរបស់ថៃ។
លោក អាមន្តថេប ចៅឡា (Amonthep Chawla ) ប្រធានក្រុមសេដ្ឋវិទូនៅធនាគារ CIMB Thai យល់ឃើញថា ការបង្កើនទំហំបំណុលសាធារណៈ ពីកម្រិត៥% ទៅ១០% នៃអត្រាបំណុលសាធារណៈធៀបនឹងអត្រាផលិតផលក្នុងស្រុកសរុបរបស់ថៃ ទំនងជាមិនបង្កផលប៉ះពាល់អ្វីនោះទេ ហើយបំណុលនោះវានឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។
ដោយឡែក លោក អាធិត ណាន់ថាវិថាយ៉ា (Arthid Nanthawithaya) នាយកប្រតិបត្តិនៃក្រុមហ៊ុន SCB X បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលដករបាំងពិដានបំណុលសាធារណៈ ដើម្បីអនុញ្ញាតឱ្យគោលនយោបាយសារពើពន្ធដើរតួនាទីកាន់តែធំក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោកបានអះអាងថា រដ្ឋាភិបាលថៃ មានតម្រូវការថវិកាច្រើនក្នុងការគាំទ្រដល់ការជំរុញ និងបង្កើនកញ្ចប់ជំនួយ ដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រអ្នកដែលមានប្រាក់ចំណូលទាបឱ្យរួចផុតពីភាពងាយរងគ្រោះដែលកំពុងអូសបន្លាយ។ សម្រាប់អ្នកជំនាញរូបនេះ វាជារឿងសមហេតុផលក្នុងការដំឡើងពិដានបំណុលសាធារណៈជាបណ្ដោះអាសន្ន ដោយសារប្រទេសនេះកំពុងប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចមិនស្មើគ្នា ខណៈអ្នកមានប្រាក់ចំណូលទាបកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចផុយស្រួយ។
យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច ដែលមានឈ្មោះថា SCB Economic Intelligence Center បានអះអាងថា ប្រហែល៦៥% នៃពលរដ្ឋថៃ ដែលបានផ្តល់ចម្លើយ មានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយរបស់ពួកគេ ខណៈ៨០% នៃអ្នកឆ្លើយដែលប្រាក់ចំណូលតិចជាង៩០០ដុល្លារក្នុងមួយខែថា ពួកគេកំពុងជួបការលំបាក។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ថៃ មានបំណុលសាធារណៈប្រមាណជិត១២ទ្រីលានបាត ឫប្រមាណ៣៤៥ពាន់លានដុល្លារស្មើនឹងជាង៦០%នៃផលិតផលក្នុងស្រុកសរុប។ ជាមួយគ្នានេះរដ្ឋាភិបាលថៃ ក៏កំពុងប្រឈមមុខនឹងបំណុលគ្រួសារ ដែលមានទំហំរហូតដល់ទៅ៦២១ពាន់លានដុល្លារផងដែរ៕
ដោយៈ សរ សុជាតិ