ការធ្វើពិពិធកម្មកម្ចីពីបរទេសបង្ហាញពីលទ្ធភាព និងសក្ដានុពលរបស់កម្ពុជា

អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការធ្វើពិពិធកម្មកម្ចីពីបរទេសបង្ហាញពីលទ្ធភាព និងសក្ដានុពលរបស់កម្ពុជា


អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាអះអាងថា ការធ្វើពិពិធកម្មកម្ចីរបស់កម្ពុជា មិនមែនជារឿងដែលគួរឲ្យព្រួយបារម្ភ នោះទេ តែវាក៏បានបង្ហាញពីលទ្ធភាព និងសក្ដានុពលរបស់កម្ពុជា ទៅកាន់ប្រទេសដែលជាម្ចាស់ជំនួយទៅវិញនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការធ្វើពិពិធកម្មកម្ចីពីបរទេសបង្ហាញពីលទ្ធភាព និងសក្ដានុពលរបស់កម្ពុជា រូបភាព៖ Koeut Chhe - កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

ការអះអាងរបស់អ្នកជំនាញយ៉ាងដូច្នេះ គឺធ្វើឡើង នៅចំពេលដែលទំនោរការខ្ចីកម្ចីពីបរទេសរបស់កម្ពុជាហាក់កំពុងមានការធ្វើពិពិធកម្មជាងមុន ដោយការខ្ចីបំណុលពីប្រទេសចិនដែលជាម្ចាស់បំណុលទ្វេភាគីធំបំផុតនោះ ហាក់ថមថយចុះ ប៉ុន្ដែ កម្ពុជាកំពុងងាកទៅរកការផ្ដល់កម្ចីពីប្រទេស និងស្ថាប័នដៃគូផ្សេងៗទៀត រួមទាំងការចាប់ផ្ដើមខ្ចីបំណុលក្នុងស្រុក តាមរយៈការបោះផ្សាយមូលបត្ររដ្ឋជាដើម។

ផ្អែកលើព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះបំណុលទ្វេភាគី ប្រទេសដែលជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា គឺប្រទេសចិន បន្ទាប់មកគឺជប៉ុន កូរ៉េខាងត្បូង និងបារាំងជាដើម។ ប៉ុន្ដែ បើមើលទៅលើតួលេខស្ថានភាពបំណុលដែលកម្ពុជាខ្ចីប្រទេសចិន ធៀបនឹងទំហំសន្និធិបំណុលសាធារណៈសរុប ហាក់មានទំនោរថយចុះគួរឲ្យកត់សម្គាល់។ ពោលគឺបើគិតនៅត្រឹមចុងឆ្នាំ២០២១ ក្នុងចំណោមបំណុលសរុបសាធារណៈ កម្ពុជាជំពាក់ចិនមានជិត៤៣% ប៉ុន្ដែបើគិតត្រឹមចុងឆ្នាំ២០២២ នៅមានត្រឹម៤០% ប៉ុណ្ណោះ ប៉ុន្ដែ ការខ្ចីពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម ហាក់កំពុងមានទំនោរកើនឡើង ដោយក្នុងនោះ បំណុលដែលកម្ពុជាជំពាក់ជប៉ុនគិតត្រឹមដំណាច់ឆ្នាំ២០២២មាន ១១% និងកូរ៉េខាងត្បូងមាន៥%។ រីឯការខ្ចីពីដៃគូអភិវឌ្ឍផ្សេងទៀតដូចជាធនាគារ ADB ក៏មានការកើនឡើងដែរ។ លើសពីនេះទៅទៀតកម្ពុជាក៏មានការបោះផ្សាយលក់បណ្ណបំណុលរដ្ឋក្នុងទំហំរាប់រយលានដុល្លារផងដែរ។

ជុំវិញការធ្វើពិពិធកម្មកម្ចីរបស់កម្ពុជានេះ ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មិនមែនជារឿងដែលគួរឲ្យព្រួយបារម្ភនោះទេ តែវាក៏បានបង្ហាញពីលទ្ធភាព និងសក្ដានុពលរបស់កម្ពុជា ទៅកាន់ប្រទេសដែលជាម្ចាស់ជំនួយថែមទៀតផង។ លោកបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មកម្ចីរបស់កម្ពុជាគឺផ្អែកទៅលើលទ្ធភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ដល់ហិរញ្ញប្បទាន។ ម្យ៉ាងវិញទៀត មុននឹងសម្រេចចិត្តថាផ្ដល់ហិរញ្ញប្បទានពីម្ចាស់ជំនួយនានា បណ្ដាម្ចាស់ជំនួយទាំងនោះ តែងតែបានសម្លឹងមើលពីលទ្ធភាពនៃការសងត្រឡប់ និងសក្ដានុពលរបស់សេដ្ឋកិច្ចកម្ពុជា ជាមុនសិន។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមួយរយៈចុងក្រោយនេះ ហាក់មានការសន្យាផ្ដល់កម្ចីសម្បទានបន្ថែមសម្រាប់កម្ពុជាគួរឲ្យកត់សម្គាល់។ តួយ៉ាង បើតាមការអះអាងកាលពីពេលថ្មីៗនេះ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តាមការសន្យា ប្រទេសកូរ៉េខាងត្បូង នឹងផ្ដល់ទំហំទឹកប្រាក់ឥណទានចំនួន ១ពាន់៥រយលានដុល្លារអាមេរិកសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដែលផ្តោតបេក្ខភាពគម្រោងលើគម្រោងអភិវឌ្ឍន៍ស្របតាមវិស័យអាទិភាពសំខាន់ៗ និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

គួររំឭកថា គិតត្រឹមដំណាច់ត្រីមាសទី៤ឆ្នាំ ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជិត១០ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង៣០%នៃទំហំផលិតផលក្នុងស្រុកសរុប ពោលគឺជាកម្រិតនៅក្រោមការគ្រប់គ្រងនៅឡើយ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន យល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជា

ព័ត៌មាន
ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្…

ខេត្តរតនគិរីត្រៀមដីថ្មីជាង ១ពាន់ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តរតនគិរីបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមដីថ្មីមួយកន្លែងទំហំជាង១ពាន់ហិកតាសម្រាប់សាងសង់ព្រលានយន្តហោះកម្រិតតំបន់ ដើម្បីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ