
លោកស្រី រុងរ៉ាត វេរ៉ាផាកការុន (Roongrat Veeraparkkaroon) នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Thailand បាននិយាយថា ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅឆ្នាំនេះនឹងប្រែប្រួលទៅតាមវិស័យនីមួយៗ ក្នុងនោះវិស័យសណ្ឋាគារ និងអចលនទ្រព្យឧស្សាហកម្មនឹងឈានមុខគេដោយសារមានតម្រូវការពីអតិថិជនបរទេស។ វិស័យទាំងពីរនេះ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុនដោយសារគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល បានទាក់ទាញទាំងការវិនិយោគ និងភ្ញៀវទេសចរបរទេស ហើយនិន្នាការនេះត្រូវបានរំពឹងថានឹងបន្តរហូតដល់ឆ្នាំ២០២៥។
សម្រាប់វិស័យសណ្ឋាគារ លោកស្រី ឆូទីកា តុងស៊ីរីស៊ើប (Chotika Tungsirisurp) ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន CBRE Thailand បាននិយាយថា ភ្ញៀវទេសចរបរទេសជាង៣៥លាននាក់ បានទៅលេងប្រទេសថៃ កាលពីឆ្នាំមុន ហើយនៅឆ្នាំ២០២៥ នេះគេរំពឹងថា នឹងកើនឡើងដល់៤០លាននាក់ ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់វិស័យបដិសណ្ឋារកិច្ចយ៉ាងខ្លាំង។
សម្រាប់វិស័យអចលនទ្រព្យឧស្សាហកម្មវិញ ការលក់ដីឡូត៍ឧស្សាហកម្មកាលពីឆ្នាំមុនបានកើនឡើងដល់៨៧,៥% ដោយបានកើនឡើងពី៦៦% ក្នុងឆ្នាំ២០២៣ ដែលលក់បានជាង៥លានម៉ែត្រការ៉េ និងផ្ទេរកម្មសិទ្ធិបានជាង៣លានម៉ែត្រការ៉េ។
យ៉ាងណាមិញ លោកស្រី ឆូទីកា បាននិយាយថា អចលនទ្រព្យលំនៅឋាន និងការិយាល័យនឹងមានការធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៥នេះ ដោយធ្លាក់ចុះពីអត្រា៨១% នៅឆ្នាំ២០២៤ មកត្រឹម៧៨% នៅឆ្នាំនេះ ដោយសារមានការផ្គត់ផ្គង់ថ្មីៗច្រើនពេកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជាហេតុធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ៕
អត្ថបទ៖ សុខ មង្គល