
ឧស្សាហកម្មផលិតដែករបស់ប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងទទួលរងសម្ពាធយ៉ាងខ្លាំងដោយសារការហូរចូលយ៉ាងគំហុកនៃដែកថោកៗនាំចូលពីប្រទេសចិន ហើយទន្ទឹមនេះ រោងចក្រចិន នៅក្នុងប្រទេសថៃ ក៏កំពុងសម្រុកផលិតដែកផងដែរ ដើម្បីដណ្ដើមចំណែកទីផ្សារពីបណ្ដាក្រុមហ៊ុនក្នុងស្រុក។
កាលពីអំឡុងឆ្នាំ២០២៤ បណ្ដាក្រុមហ៊ុនផលិតដែករបស់ប្រទេសចិន បាននាំចេញដែករហូតដល់ទៅ១១០លានតោន ដែលភាគច្រើននាំចេញទៅកាន់ប្រទេសថៃ និងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន។ ការហូរចូលយ៉ាងគំហុកនៃដែកដែលមានតំលៃថោកទាំងនេះ បានធ្វើឱ្យក្រុមហ៊ុនផលិតដែកធំៗជាច្រើនរបស់ថៃ រួមទាំងក្រុមហ៊ុន Bangkok Iron និងក្រុមហ៊ុន Steel Works ផងដែរ រងការខាតបង់ជាបន្តបន្ទាប់ និងត្រូវបង្ខំចិត្តជម្រុះបុគ្គលិកទ្រង់ទ្រាយធំ ហើយជាច្រើនទៀតឈានដល់ការបិទរោងចក្រចោលតែម្ដង។
ប្រភពច្បាស់ការក្នុងឧស្សាហកម្មផលិតដែកក្នុងស្រុកបានទម្លាយឱ្យដឹងថា បន្ថែមលើរោងចក្រចក្រដែករបស់ចិន នៅក្នុងប្រទេសថៃ បង្កើនការផលិតដែក ការនាំចេញដែករបស់ចិន ទៅកាន់ប្រទេសថៃ ក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដោយបានកើនឡើងពី៤០ម៉ឺនតោន ក្នុងឆ្នាំ២០២៣ ឈានដល់៦០ម៉ឺនតោន ក្នុងឆ្នាំ២០២៤ ជាហេតុជះផលប៉ះពាល់ដល់រោងចក្រក្នុងស្រុកយ៉ាងខ្លាំង។ ការបិទរោងចក្រផលិតដែកក្នុងស្រុកជាបន្តបន្ទាប់ បានបង្កឱ្យមានការអំពាវនាវសុំឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការបន្ទាន់ ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ឧស្សាហកម្មផលិតដែករបស់ថៃ ក្នុងរយៈពេលវែង បើមិនដូច្នោះទេ ឧស្សាហកម្មផលិតដែកក្នុងស្រុកអាចនឹងដួលរលំជាក់ជាមិនខាន៕
ដោយ: តែម សុខុម