បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ច តាមរយៈការចាប់ដៃគ្នានេះ ភាគីទាំងពីរនឹងរៀបចំឲ្យមានសិក្ខាសាលានៅតាមខេត្តនានា ដើម្បីផ្សព្វផ្សាយឲ្យអ្នកវិនិយោគក្នុងវិស័យ SME យល់ដឹងកាន់តែច្បាស់ពីយន្តការ ដែលជួយជំរុញការធ្វើធុរកិច្ចមួយនេះ។
នាពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមជាមួយនិយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី១៩ កញ្ញា លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងធម្យមកម្ពុជារំពឹងថា តាមរយៈយន្តការបរធនបាលកិច្ចនឹងរួមចំណែកជួយជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត។ ការបង្ហាញក្តីរំពឹងបែបនេះ ក៏ដោយសារ លោកឧកញ៉ា ជឿជាក់ថា យន្តការនេះវានឹងដើរតួនាទីជួយបង្កើនភាពទាក់ទាញ និងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិនជាតិ និងអន្តរជាតិក្នុងការបោះទុនវិនិយោគក្នុងវិស័យ SME នៅកម្ពុជា។ លើសពីនេះ យន្តការនេះ ក៏នឹងរួមចំណែកជួយកាត់បន្ថយហានិភ័យវិនិយោគ និងរក្សានិរន្តភាពនៃដំណើរការអាជីវកម្មក្នុងវិស័យ SME ផងដែរ។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា មូលហេតុដែលនិយ័តករបរធនបាលកិច្ចចុះអនុសារណៈយោគយល់គ្នាស្តីពី«ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច»ជាមួយសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម គឺដើម្បីជួយជំរុញកំណើនការធ្វើធុរកិច្ច និងប្រតិបត្តិការពាក់ព័ន្ធនានាក្នុងវិស័យ SME។ គោលបំណងនៃការចុះ MOU នេះ គឺដើម្បីឲ្យសមាជិកសមាជិកានៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមយល់ដឹងកាន់តែច្បាស់ពីវិស័យបរធនបាលកិច្ច និងការចូលរួមរបស់វិស័យនេះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ជាពិសេសចង់ឲ្យពួកគេយល់ដឹងពីរបៀបក្នុងការទាញផលប្រយោជន៍ពីវិស័យនេះសម្រាប់ការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីក្រៅប្រទេស។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា បរធនបាលកិច្ចជាយន្តការមួយ ដែលដើរតួនាទីជាអ្នកធានាក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ឬបុគ្គលក្នុងការផ្ទេរ និងវិនិយោគក្នុងវិស័យនានា ដែលអាចផ្តល់ផលប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬអ្នកទទួលបានផ្សេងទៀត។ វិស័យនេះអាចដំណើរការទៅបាន វាទាមទារឲ្យមានការចូលរួមពីភាគីចំនួន៣រួមមាន ម្ចាស់ទ្រព្យសម្បត្តិ បរធនបាល និងអ្នកទទួលផលប្រយោជន៍។ វិស័យបរធនបាលកិច្ចមានវិសាលភាពមិនត្រឹមតែគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុមិនមែនធនាគារនោះទេ ថែមទាំងគ្រប់ដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ, វិស័យអចលនទ្រព្យ, វិស័យមូលបូលបត្រ, វិស័យធានារ៉ាប់រង និងវិស័យជាច្រើនទៀត។ បរធនបាលកិច្ចអាចចាត់ទុកជាវិស័យថ្មីសម្រាប់កម្ពុជា តែវិស័យនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក៕