
ព្រឹត្តិការណ៍នេះនឺងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ដែលមានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។

លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តជាតិអង្គរ បានថ្លែងថា៖ «យើងបានធ្វើការងារនេះជាងមួយឆ្នាំមកហើយ។ ជាមួយនឹងការដែលកម្ពុជាក្លាយជាប្រធានអាស៊ាន និងការបើកចំហរប្រទេសឡើងវិញ យើងជឿជាក់ថានេះគឺជាការផ្តល់ជូនដ៏សាកសមមួយដល់មរតកវប្បធម៌ និងទិដ្ឋភាពសិល្បៈក្នុងស្រុករបស់កម្ពុជានាពេលមួយដែលកម្ពុជាមានសិល្បៈ និងវប្បធម៌ជាច្រើនទៀតដែលត្រូវផ្តល់ជូន»។
នៅថ្ងៃទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធមួយនៅរាជធានីភ្នំពេញ ជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ក៏នឹងរៀបចំពិធីបើកសម្ពោធមួយនៅទីក្រុងសៀមរាបសម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍មហោស្រពនេះនៅថ្ងៃជាមួយគ្នាផងដែរ។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយក៏នឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងរបាំអប្សរាផងដែរ។


លោក Aaron Carpene បានបន្តថា៖ «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ នឹងក្លាយជាពិធីប្រារព្ធសិល្បៈទាំងបុរាណ និងសម័យ។ ជាមួយនឹងការធ្វើជាប្រធានអាស៊ាន នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់មរតកដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេស ព្រមទាំងទេព្យកោសល្យដ៏មានសក្តានុពលចម្រុះរបស់ខ្លួនឯងផងដែរ»។

ឥឡូវនេះអ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ កំពុងបើកទទួលការឧបត្ថម្ភពីវិស័យឯកជន។

សម្រាប់អ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំបានតាមរយៈអ៊ីមែល [email protected] ៕