ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីថ្មីចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះថា ផលិតផលក្នុងស្រុកសរុបក្នុងតំបន់អាស៊ី កំពុងអភិវឌ្ឍន៍ត្រូវបានព្យាករថានឹងកើនឡើង ៤.៩% នៅឆ្នាំនេះ ។
ធនាគារ ADB បានគូសបញ្ជាក់ថា ភាពទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីសម័យនៃជំងឺរាតត្បាត អាចធ្វើឱ្យមានភាពស្រពិចស្រពិលនៅក្នុងទស្សនវិស័យកំណើនក្នុងតំបន់នេះ។
ធនាគារ ADB បានបន្តទៀតថា ការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងទីផ្សារអចលនទ្រព្យ របស់ចិននឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ និងតម្រូវការក្នុងស្រុកបន្ថែមទៀត ហើយការធ្លាក់ចុះខ្លាំងក្នុងរយៈពេលវែងក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ទស្សនវិស័យកំណើន ជាមួយនឹងការរីករាលដាលដ៏មានសក្តានុភាពដល់ដៃគូពាណិជ្ជកម្មផងដែរ។
ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកត្រូវបានធនាគារ ADB ព្យាករថានឹងធ្លាក់ចុះកំណើនសេដ្ឋកិច្ចមកនៅត្រឹម ៤.៨% នៅក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុនដែលមានកំណើន ៥.២%។
ឧបសគ្គមួយចំនួនដែលធ្វើឲ្យមានការធ្លុះចុះ ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងសមុទ្រក្រហម ដែលប៉ះពាល់ដល់ផ្លូវដឹកជញ្ជូន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអាចបង្កឱ្យមានការប្រែប្រួលតម្លៃ គួបផ្សំនឹងគោលនយោបាយរូបិយវត្ថុរបស់អាម៉េរិក និងការប្រែប្រួលអាកាសធាតុមិនអំណោយផល ដូចជាការកើនឡើងកម្ដៅបង្កឡើងដោយបាតុភូតអែលនីណូ។
ទោះបីជាមានហានិភ័យទាំងនេះក៏ដោយ ក៏ធនាគារ ADB មើលឃើញសុទិដ្ឋិនិយមសម្រាប់ការរំពឹងទុកនៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ ដោយព្យាករថា កំណើននឹងនៅតែ«មានភាពល្អប្រសើរ»។ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានបន្ថែមថា ការបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់នៅតាមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនភាគច្រើនក៏ដូចជាការបន្តការងើបឡើងវិញនូវការនាំចេញបន្ទះឈីបកើនឡើងនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់៕
ដោយៈ សរ សុជាតិ