បើតាមអ្នកជំនាញ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ឱកាសនៅក្នុងវិបត្តិដែលសេដ្ឋកិច្ចកម្ពុជាបានជួបប្រទះនាពេលកន្លងមកនេះ បានជំរុញឲ្យវិស័យធនាគារ ងាកទៅរកការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថលកាន់តែច្រើនឡើង ដែលវាជាកំណើនដ៏ឆាប់រហ័សក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។
ថ្លែងក្នុងកិច្ចប្រជុំលើកទី២ ស្ដីពី«ការលក់ចម្រុះកាន់តែឆ្លាតវៃ គ្រប់សេវាហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល» លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានអះអាងថា ស្ថិតក្នុងបរិបទកូវីដ-១៩ វិស័យធនាគារក៏រងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្ដែវិស័យនេះនៅតែអាចដំណើរការជាធម្មតា និងនៅតែបន្ដអភិវឌ្ឍខ្លួន ជាបន្តបន្ទាប់ បើទោះបីជា បច្ចុប្បន្នវិស័យនេះ កំពុងបន្ដប្រឈមនឹងឥទ្ធិពលនៃវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ។បណ្ឌិត អ៊ិន ចាន់នីបានគូសបញ្ជាក់ទៀតថា វិស័យធនាគារ គឺជាឆ្លឹងខ្នងដ៏សំខាន់នៃវិស័យសេដ្ឋកិច្ច បើវិស័យធនាគារនៅកម្ពុជា មិនរឹងមាំ នោះសេដ្ឋកិច្ចកម្ពុជា ក៏មិនរឹងមាំដូចគ្នាដែរ។
ទោះបីនៅរយៈពេលជាង២ឆ្នាំមកនេះ សេដ្ឋកិច្ចមានជួបប្រឈមនឹងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយចុះ ប៉ុន្ដែ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុវិញ ត្រូវបានអ្នកជំនាញបញ្ជាក់ថា វាបានជាឱកាសសម្រាប់ការផ្លាស់ប្ដូរស្ទើរតែទាំងស្រុងទាក់ទងនឹងការប្រើប្រាស់សេវាធនាគារ ពោលគឺប្ដូរពីការប្រើប្រាស់សេវានៅតាមបញ្ជ ដោយងាកមកប្រើប្រាស់ប្រតិបត្តិការតាមបែបឌីជីថលវិញ ពិសេសការទូទាត់តែម្ដង។ លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានកត់សម្គាល់ឃើញថា ចំនួននៃការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល កាន់តែមានសន្ទុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះ គិតមកទល់បច្ចុប្បន្ន ចំនួនអ្នកដែលមានគណនីធនាគារអេស៊ីលីដា មានប្រមាណជាង៣លានគណនី ខណៈអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលធនាគារអេស៊ីលីដាវិញ មានរហូត២លាន៣សែន។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានគូសសង្កត់ធ្ងន់ទៀតថា សន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់តាមបែបឌីជីថលនេះ គឺបានផ្ដើមឡើងចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩មក ពោលមានរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ធនាគារអេស៊ីលី ភីអិលស៊ី ក៏មានផែនការជំរុញឲ្យអតិថិជនប្រើប្រាស់ប្រព័ន្ធឌីថលឲ្យបាន១០០% ខណៈសព្វថ្ងៃ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារ អេស៊ីលីដា មានរហូត៩៧%រួចហើយ។
លោក ចាន់ វ៉ាន់ឌី នាយកសាខាអេស៊ីលីដា ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន ចំនួននៃការប្រើប្រាស់ប្រព័ន្ធឌីជីថល របស់ធនាគារអេស៊ីលីដា កាន់តែស្ទុះងើបឡើងខ្លាំង អំឡុងវិបត្តិកូវីដ១៩ ពិសេសខេត្តព្រះសីហនុ តែម្ដង ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ បើតាមលោក ចាន់ វ៉ាន់ឌី កំណើននៃការប្រើប្រាស់ប្រព័ន្ធឌីជីថល របស់ធនាគារអេស៊ីលី នៅសាខាខេត្តព្រះសីហនុ មានរហូត៨០% ដោយសារខេត្តជាប់សមុទ្រមួយនេះ មានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ គួបផ្សំ នឹងគម្រោងវិនិយោគជាច្រើនបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដែលធ្វើឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន៕