ពិភពលោកអាចប្រឈមមុខនឹងបញ្ហាតានតឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុថែមមួយកម្រិតទៀត ខណៈដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងវ័ណ្ឌកនឹងបំណុល ដែលអាចជំរុញឱ្យអត្រាការប្រាក់កើនឡើងខ្ពស់។ បញ្ហានេះនឹងបង្កើនសម្ពាធកាន់តែអាក្រក់ រារាំងដល់កំណើនសេដ្ឋកិច្ច និងបង្កើតហានិភ័យថ្មីៗដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
មកទល់ពេលនេះ ការហក់ឡើងនៃតម្លៃថាមពល ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ កំពុងបង្កើតភាពរង្គោះរង្គើដល់ទីផ្សារមូលបត្របំណុល ដែលជាប្រភពផ្តល់មូលនិធិដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ អត្រាការប្រាក់លើមូលបត្របំណុលអាម៉េរិក បានហក់ឡើងដល់ជាង៤% ដែលជាកម្រិតដ៏អាក្រក់បំផុតមួយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ បញ្ហានេះមានលក្ខណៈជាសកល ដោយសារអត្រាការប្រាក់បានកើនឡើងដូចគ្នានៅក្នុងប្រទេសជាច្រើន ខណៈពិភពលោកកំពុងព្យាយាមសម្របខ្លួននឹងការហក់ឡើងខ្ពស់នៃអត្រាអតិផរណា ដែលធ្វើឱ្យនិរន្តរភាពនៃបំណុលរដ្ឋាភិបាលនានាចាប់ផ្តើមរង្គោះរង្គើ។
ក្រោយត្រឡប់ចូលមកដឹកនាំសេតវិមានជាថ្មីកាលពីខែមករា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានអះអាងថា លោកមានផែនការកាត់បន្ថយឱនភាពថវិកាប្រចាំឆ្នាំប្រហែល១,៨ទ្រីលានដុល្លារ។ ប៉ុន្តែមកទល់ពេលនេះគោលនយោបាយរបស់លោក បានជួបឧបសគ្គជាបន្តបន្ទាប់ រាប់ចាប់តាំងពីសាលក្រមរបស់តុលាការកំពូលពាក់ព័ន្ធនឹងបញ្ហាពន្ធគយ ដែលរដ្ឋបាលរបស់លោក បានដាក់ទៅលើបណ្តាដៃគូពាណិជ្ជកម្មនានាលើពិភពលោក។ ជុំវិញវិបត្តិដែលរដ្ឋបាលលោក ត្រាំ កំពុងប្រឈមនេះ អ្នកសេដ្ឋកិច្ចជាច្រើនបានលើកឡើងថា យុទ្ធសាស្ត្រទប់ស្កាត់ឱនភាពថវិការបស់លោក ហាក់បីដូចជាមិនទាន់អាចឆ្លើយតបទៅនឹងការសន្យាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅឡើយទេ។
អ្នកជំនាញផ្នែកថវិកា និងពន្ធដារនៅវិទ្យាស្ថាន Brookings បានគូសបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារបំណុលជាតិបច្ចុប្បន្នបានកើនឡើងជាមធ្យមរហូតដល់១ទ្រីលានដុល្លារបើធៀបនឹងឆ្នាំ២០២១។ លោកស្រីបានបន្ថែមថា ប្រសិនបើគ្មានចំណាត់ការកែទម្រង់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេ នោះឱនភាពថវិកាជាតិរបស់សហរដ្ឋអាម៉េរិក ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតរហូតដល់៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទស្សវត្សរ៍ខាងមុខ៕
ដោយៈ សរ សុជាតិ