
ផ្កាយរណបអ៊ីនធឺណិតដំបូងរបស់ក្រុមហ៊ុន Amazon ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថីកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលជារបត់មួយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ពិភពលោក ហើយវាក៏ជាការប្រកួតប្រជែងមួយជាមួយក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ផងដែរ។ ផ្កាយរណបដំបូងរបស់ក្រុមហ៊ុននេះ ត្រូវបានបាញ់បង្ហោះអណ្តែតលើផ្ទៃអាកាសក្នុងរយៈកម្ពស់រហូតដល់៦៣០គីឡូម៉ែត្រពីផែនដី ខណៈផ្កាយរណបភាគច្រើនរបស់ក្រុមហ៊ុន Starlinks របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ បានបាញ់បង្ហោះក្នុងរយៈកម្ពស់ប្រមាណ៥៥០គីឡូម៉ែត្រតែប៉ុណ្ណោះ។
បើតាមការអះអាងរបស់លោក ជេហ្វ បៃហ្ស៊ូ (Jeff Bezos) ប្រធានក្រុមហ៊ុន Amazon ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្រុមហ៊ុន Amazon មានគោលបំណងដាក់ពង្រាយផ្កាយរណបអ៊ីនធឺណិតជាង៣ពាន់២រយគ្រឿងនៅក្នុងគន្លងតារាវិថី ដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន និងតម្លៃសមរម្យនៅជុំវិញពិភពលោក។ ដើម្បីឈានទៅសម្រេចមហិច្ឆិតានេះ ក្រុមហ៊ុន Amazon បានទិញរ៉ុក្កែតរាប់សិបគ្រាប់រួចហើយពីក្រុមហ៊ុន United Launch Alliance និង Blue Origin សម្រាប់ដំណើរការគម្រោងរបស់ក្រុមហ៊ុន ក៏ដូចជាកម្មវិធីផ្សេងៗទៀត។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះក្រុមហ៊ុន Starlinks របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ បានដាក់ពង្យាយផ្កាយរណតអ៊ីនធឺណិតនៅលើលំហអាកាសប្រមាណ៨ពាន់គ្រឿងរួចមកហើយចាប់តាំងពីឆ្នាំ ២០១៩ មក៕
ដោយៈ សរ សុជាតិ