នេះបើតាមការអះអាង ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅចំពោះមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) បានបញ្ជាក់ឱ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រនេះ និងត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិកនេះ គឺមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការផងដែរ។
ក្រុមហ៊ុន CRBC បញ្ជាក់បន្ថែមថា ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១៤៣ សង់ទីម៉ែត្រ និងល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ ដែលស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។ ដែលជំនួបពិភាក្សានេះ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ
សូមបញ្ជាក់ថា គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕