នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានបង្ហាញគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP)របស់ចិនខាងលើ នៅក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថា ទៅកាន់អង្គប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិននៅទីក្រុងប៉េកាំង។ សេដ្ឋកិច្ចរបស់ចិន សម្រេចបានកំណើនក្នុងរង្វង់៥,២%កាលពីឆ្នាំ២០២៣ ប៉ុន្តែគោលដៅកំណើនប្រមាណ៥% សម្រាប់ឆ្នាំ២០២៤ នេះត្រូវបានគេមើលឃើញថា ហាក់ដូចមានមហិច្ឆតាបន្តិចដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែមិនទាន់អាចវិលទៅរកស្ថានភាពមុនពេលផ្ទុះវិបត្តិកូវីដ-១៩ របស់ខ្លួននៅឡើយ។
លោក លី ឈាង បានទទួលស្គាល់ថា មូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់ប្រទេសចិន គឺមិនរឹងមាំគ្រប់គ្រាន់ទេ ដោយលោកបានលើកឡើងពីកត្តាមួយចំនួនដូចជាតម្រូវការធ្លាក់ចុះ សមត្ថភាពលើសក្នុងឧស្សាហកម្មមួយចំនួន ទំនុកចិត្តរបស់សាធារណជនធ្លាក់ចុះ និងហានិភ័យជាច្រើនទៀត។
សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ចុះដោយសារវិបត្តិក្នុងវិស័យអចលនទ្រព្យ និងសកម្មភាពផលិតកម្មដែលបានធ្លាក់ចុះរយៈពេល៥ខែជាប់ៗគ្នា។ លទ្ធផលកំណើនផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុនត្រូវបានជំរុញមួយផ្នែកដោយសារវិធានការស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ធនាគារពិភពលោក (World Bank) កាលពីខែមករា ដើមឆ្នាំនេះ បានព្យាករថា សេដ្ឋកិច្ចរបស់មហាយក្សចិន នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៤ នេះ ស្របពេលតម្រូវការក្នុងស្រុកធ្លាក់ចុះខ្សោយ និងភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង។
លោក លី ឈាង បានថ្លែងទៅកាន់អង្គប្រជុំដែលមានអ្នកចូលរួមជិត២ពាន់៩រយនាក់ថា គោលដៅកំណើនក្នុងរង្វង់ប្រមាណ៥% នឹងសម្រេចបានតាមរយៈការបង្កើតការងារថ្មីៗចំនួន១២លានកន្លែង និងការបង្កើនប្រាក់ចំណូល ខណៈរារាំងទប់ស្កាត់ហានិភ័យនានា។
រដ្ឋាភិបាលចិន ចាំបាច់ត្រូវបង្កើនការគាំទ្របន្ថែមទៀតដល់វិស័យនានា ដែលមានសមត្ថភាពធំសម្រាប់ការបង្កើតការងារ ខណៈដែលរបាយការណ៍របស់លោក លី ឈាង បានសង្កត់ធ្ងន់ថា វាជាការចាំបាច់ណាស់ក្នុងការចាត់វិធានការបន្ថែមទៀត ដើម្បីលើកកម្ពស់ការងារសម្រាប់យុវជន និងផ្តល់ការណែនាំ និងសេវាកម្មកាន់តែប្រសើរឡើង ដើម្បីជួយឱ្យពួកគេទទួលបានការងារ ឬចាប់ផ្តើមអាជីវកម្ម។
ជាមួយគ្នានេះ ដើម្បីដោះស្រាយការខ្វះខាតមូលនិធិនៅក្នុងគម្រោងធំៗ លោក លី ឈាង បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងបោះផ្សាយសញ្ញាបណ្ណរតនាគារពិសេស "រយៈពេលវែង" ថ្មីៗ ដោយក្នុងដំណាក់កាលដំបូង នឹងបោះផ្សាយក្នុងទំហំរហូតដល់ទៅ១៤១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ នេះសម្រាប់ការអនុវត្តយុទ្ធសាស្រ្តជាតិសំខាន់ៗ និងការកសាងសមត្ថភាពសន្តិសុខជាតិ៕
ដោយ: តែម សុខុម