តើ «បរធនបាលកិច្ច» មានសារសំខាន់យ៉ាងណាខ្លះ?

តើ «បរធនបាលកិច្ច» មានសារសំខាន់យ៉ាងណាខ្លះ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?


បរធនបាលកិច្ច គឺជាសេវាមិនមែនធនាគារមួយ ដែលជួយជំរុញក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ ហើយបរធនបាលកិច្ច ក៏មានសារៈសំខាន់ណាស់ដែរ នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ កម្ពុជា។
តើ «បរធនបាលកិច្ច» មានសារសំខាន់យ៉ាងណាខ្លះ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?

ក្រុមអ្នកជំនាញ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានអះអាងថា ច្បាប់ និងអនុក្រឹត ស្ដីពី «បរធនបាលកិច្ច» បានចូលរួមចំណែកដ៍សំខាន់សម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជា ការពារមូលនិធិរូបិយបណ្ណកុំឲ្យបាត់បង់ និងមានការប្រើប្រាស់ប្រកប​ដោយតម្លាភាព, បង្កើននូវទំនុកចិត្ត​ដល់សាធារណៈជន និងដៃគូនានា ថែមទាំងអាចទាក់ទាញ​មូលនិធិ និងលំហូរទុនវិនិយោគ​បន្ថែមផងដែរ ទាំងពីខាងក្នុង និងក្រៅប្រទេស។

ទាក់ទងនឹងច្បាប់ និងអនុក្រឹត ស្ដីពី«បរធនបាលកិច្ច» នេះដែរ ត្រូវបានឯកឧត្ដម សុខ ដារ៉ា អគ្គនាយក​នៃនិយ័តករ​បរធនបាលកិច្ច គូសបញ្ជាក់ថា ហាក់មានភាពស្មុគស្មាញ និងច្រើនដំណាក់កាល ក៏ពិតមែន តែការគ្រប់គ្រងតាមអនុក្រឹត ពោល វិសាលភាពនៃការគ្រប់គ្រង​មិនទាន់ពេញលេញ តាមការឆ្លើយតប​ នៅឡើយ ព្រោះក្រៅពីប្រតិបត្តិការបរធនបាលកិច្ចហិរញ្ញវត្ថុ មានប្រត្តិបត្តិការផ្សេងៗ ទៀត។

បើតាមឯកឧត្ដម សុខ ដារ៉ា បញ្ហានេះ បានជំរុញឲ្យរាជរដ្ឋាភិបាល រៀបចំឲ្យមានច្បាប់ ស្ដីពី«បរធនបាលកិច្ច» នៅឆ្នាំ២០១៩ គឺដើម្បីគ្រប់គ្រងវិស័យបរធនបាលកិច្ចទាំងមូល។ ដោយឡែក នៅឆ្នាំ២០២១ មានច្បាប់ស្ដីពី ការរៀបចំប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបើកផ្លូវឲ្យបង្កើតនិយ័តករបរធនបាលកិច្ច ហើយអនុវត្តមុខងារនិងតួនាទីសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យវិស័យបរធនបាលកិច្ចកម្ពុជា ខណៈឆ្នាំ២០២២ ជាឆ្នាំនិយ័តកម្ម។

ដោយឡែក លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាភិបាលបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ចាំបាច់នៃច្បាប់ស្ដីពី «បរធនបាលកិច្ច» នៅក្នុងវិស័យធនាគារ អេស៊ីលីដា។ បើតាមបណ្ឌិត អ៊ិន ចាន់នី ច្បាប់ និងអនុក្រឹតស្ដីពី«បរធនបាលកិច្ច» បានចូលរួមចំណែកដ៍សំខាន់សម្រាប់វិស័យធានាគារ ។ បណ្ឌិត អ៊ិន ចាន់នី បានកត់សម្គាល់ឃើញថា ចាប់តាំងពីមានច្បាប់ និងអនុក្រឹត ស្ដីពី«បរធនបាលកិច្ច» បានបង្កើតឱកាស ៣ចំណុចសំខាន់ៗ សម្រាប់វិស័យធានាគារ ដួចជា ការពារមូលនិធិរូបិយប័ណ្ណកុំឲ្យបាត់បង់ និងមានតម្លាភាពក្នុងការប្រើប្រាស់, បង្កើននូវទំនុកចិត្តដល់សាធារណៈជន និងដៃគូនានា ថែមទាំងអាចទាក់ទាញមូលនិធិ និងលំហូរទុនវិនិយោគបន្ថែម ទាំងពីខាងក្នុង និងក្រៅប្រទេស។

លោក ជា ផល្លារិន ប្រធានគណៈកម្មការបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ អម្រឹត បានគូសបញ្ជាក់ថា ច្បាប់ និងអនុក្រឹតស្ដីពី«បរធនបាលកិច្ច» បានរួមចំណែកសំខាន់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងអាចឲ្យវិស័យនេះពង្រីកវិសាលភាពរបស់ខ្លួន និងបង្កភាពងាយស្រួលក្នុងការទទួលបានទុនវិនិយោគពីខាងក្រៅ។ បើតាមលោក ជា ផល្លារិន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ពិបាកក្នុងការស្វែងរកវិនិយោគទុន ព្រោះពួកគេយល់ថា វិស័យនេះពិបាកក្នុងការទទួលបានប្រាក់ចំណេញ ដោយសារវិស័យនេះ ភាគច្រើនធ្វើការងារជាមួយប្រជាជនក្រីក្រនៅតាមទីជនបទ។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ដោយឡែក បរធនបាលកិច្ច ដែលបានបញ្ជីនៅនិយ័តករបរធនបាលកិច្ច នៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤​ប្រភេទ។ ក្នុងនោះមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច៕




អត្ថបទបន្ទាប់


ករណីឆ្លងជំងឺអុតស្វាបានកើនឡើងដល់ ១៦,០០០ ករណីនៅក្នុងប្រទេសចំនួន៧៥

ព័ត៌មាន
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិង…

ហេតុអ្វីត្រូវការមានធានារ៉ាប់រងយានយន្ដជាកាត្វកិច្ច?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តនូវការធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច សម្រាប់ម្ចាស់យានយន្ដទាំងអស់។ ប៉ុន្ដែ ក្រោយពីមានការផ្សព្វផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ