វិស័យសហគ្រាស​ធុនតូច និងមធ្យម

ម្ចាស់សហគ្រាសក្នុងស្រុក ចង់ឃើញ ការរឹតបន្តឹងត្រួតពិនិត្យគុណភាពផលិតផលនាំចូល ឲ្យបានម៉ឺងម៉ាត់


របាយការណ៍រដ្ឋាភិបាលបង្ហាញថា ការនាំចេញនាំចូល បច្ចុប្បន្នរបស់កម្ពុជា គឺនៅតែបន្តមានឱនភាពពាណិជ្ជកម្មខ្ពស់នៅឡើយ ពោលគឺ ការនាំចូលរបស់កម្ពុជាមានច្រើនជាងការនាំចេញ រហូតដល់ ជាង ៥.២០០លានដុល្លារអាមេរិក ដែលចំនួននេះ គឺមានខ្ពស់ជាងឆ្នាំ២០១៧ ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ម្ចាស់សហគ្រាសក្នុងស្រុកបានលើកឡើងថា លំហូរផលិតផលនាំចូលក្នុងទីផ្សារក្នុងស្រុកនេះ ពិតណាស់វាបានជួយដល់កំណើនសេដ្ឋកិច្ច ប៉ុន្ដែ វាក៏ជះឥទ្ធិពលដល់វិស័យផលិតក្នុងស្រុកផងដែរ។
ផលិតផល​ទឹកម្ទេស​ ដែលផលិតដោយ​ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ខេត្តកំពត​

ម្ចាស់​សហគ្រាស​ផលិតក្នុងស្រុក​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់ខ្លួនថា បើសិន​ជា​ផលិតផល​ពីក្រៅ​នៅតែបន្ដ​ហូរចូល​យ៉ាងងាយស្រួល​និងគំហុក ក្នុងទីផ្សារ យ៉ាងដូច្នេះ ច្បាស់ណាស់​វានឹង​ធ្វើឲ្យ​ផលិតផល​ក្នុងស្រុក​ពិបាក​ងើបខ្លួន​រួចណាស់ ដើម្បីឈរ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ពីក្រៅប្រទេសសទាំងនោះ ដ្បិតអី វិស័យផលិត​ក្នុងស្រុក​នៅតែ​បន្ត​ប្រឈម​នឹង​បញ្ហា​ច្រើននៅឡើយ។

លោក ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន​ផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង បាន​បញ្ជាក់ទៀតថា ដើម្បី​ជួយឲ្យសហគ្រាស​ធុនតូច និងមធ្យម អាច​អភិវឌ្ឍ​ខ្លួន​រឹងមាំ និងអាច​ប្រកួតប្រជែងបាន គឺចាំបាច់​បំផុត​ត្រូវមានការ​ចូលរួម​គាំទ្រ​ពីសំណាក់​ស្ថាប័នពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាលឲ្យបាន​ខ្លាំងក្លា​ថែមទៀត​ តាមរយៈ​ការលើកទឹកចិត្ត​នានា ដល់​វិស័យផលិត។ 

លោក ចាន់ ស៊ីថា បាន​បញ្ជាក់ទៀថា ការផលិត​ផលក្នុងស្រុក​លើទីផ្សារ​បច្ចុប្បន្ន​គឺខាង​ក្រសួង​ពាក់ព័ន្ធ មានការរឹតបន្ដឹង​គុណភាពខ្លាំងណាស់ ដូចជា​ការកម្រិត​ស្ដង់ដារបច្ចេកទេស​ផលិត និងត្រូវគោរព​តាម​បញ្ជា​នានា​របស់អាជ្ញាធរ​ជាដើម ដែលនេះ គឺជារឿងល្អ​សម្រាប់​​អ្នកប្រើប្រាស់ ប៉ុន្ដែ លោកក៏សំណូមពរ​ផងដែរ ឲ្យខាងអាជ្ញាធរ​មេត្តាជួយ​ត្រួតពិនិត្យ​ឲ្យបាន​ល្អិតល្អន់​លើផលិតផល​ដែលកំពុង​ចរាចរណ៍នាំចូល​ក្នុងទីផ្សារ ថាតើវា​បាន​ផលិត​ស្របតាម​ស្ដង់ដារ​ដែរ ឬក៏អត់?

«វាជាការពិតណាស់ ទីផ្សារ​សេរី យើងមិនអាច​បិទការនាំចូលទំនិញ​ពីខាងក្រៅ​មិនឲ្យចូលបានទេ ប៉ុន្ដែ ក្នុងលក្ខខណ្ឌ ការប្រកួតប្រជែង យើងក៏ត្រូវការ មានរនាំង​មួយ​ដើម្បីទប់ស្កាត់។ រាល់ថ្ងៃនេះ លំហូរទំនិញ​ពីគេមក គឺស្រួលមែនទែន​ ប៉ុន្ដែ បើលំហូរ​ពីយើង​ទៅគេវិញ ខ្ញុំគិតថា​វាអាច​នឹង​មានការ​ទប់ស្កាត់ណាមួយ​ ជាឧទារណ៍​ស្រាប់ ដូច​រឿងអង្ករ​អញ្ចឹង ពេល​ក្នុងស្រុកគេមាន​បញ្ហា គេអាច​ប្ដឹង​ដើម្បីទប់ស្កាត់​នាំចូលអង្ករ​ពីយើងដែរ។ អញ្ចឹង​ផលិតផល​មួយចំនួន​ដែលយើង​ផលិតបានហើយ គួរតែស្ថាប័ន​មួយចំនួន​ជួយទប់ស្កាត់​ កុំឲ្យលំហូរ​ផលិតផល​ពីខាងក្រៅនោះ មកគ្រប់ដណ្ដប់​លើផលិតផល​ក្នុងស្រុក​របស់​យើង​ខ្លាំងពេក»។ នេះជាប្រសាសន៍លើកឡើង​របស់​លោក ចាន់ ស៊ីថា។ 

លោក​ ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹកត្រី អ៊ីឆេ ង៉ូវហេង កំពត

បើតាម​សហគ្រិន​ដែលបានបទពិសោធន៍​ច្រើនឆ្នាំ ក្នុងវិស័យផលិត​រូបនេះ បាន​លើកឡើងទៀត​ថា បច្ចុប្បន្ន​សហគ្រិន​ក្នុងស្រុក បាន​និងកំពុង​ខិតខំ​ពង្រីកសមត្ថភាព​របស់ខ្លួន​ណាស់ដែរ ប៉ុន្ដែ ហាក់​នៅមានកម្រិត​នៅឡើយ ខណៈដែល​កត្តា​ប្រឈម​ក្នុងវិស័យ​អាជីវកម្ម​សហគ្រាស​ធុនតូច និងមធ្យមនេះ គឺមានច្រើន ពិសេស គឺទាក់ទង​នឹង​កង្វះ​ដើមទុន កង្វះហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រដល់​ការផលិត និងបញ្ហា​លំហូរ​ចូល​នៃផលិត​ពីក្រៅប្រទេស​ជាដើម។
លោកគូសបញ្ជាក់ថា«ជាឧទាហរណ៍ ខ្ញុំផលិត​ទឹកត្រី​ក្រៅពីបញ្ហា​កង្វះដើមទុន យើងក៏មាន​ការលំបាក​ច្រើនទៀត ទាក់ទងនឹង​បញ្ហា​ដឹកជញ្ជូន និង​ហេដ្ឋារចនា​សម្ព័ន្ធ​បម្រើដល់​ការផលិត​ដូចជា​បញ្ហា​ទឹក និងភ្លើង​ជាដើម។ ហើយសម្រាប់​ការផលិត វាមិនមែន​លំបាក​តែ​ទាក់ទង​នឹងវត្ថុធាតុដើមទេ ការវេចខ្ចប់​ក៏យើង​ត្រូវចំណាយ​ច្រើនដែរ ជាក់ស្ដែង ដូច​សម្បកដប​ទឹកត្រី​យើងត្រូវនាំចូលពី​ប្រទេស​ជិតខាង ដែលធ្វើឲ្យ​ថ្លៃដើមផលិត​របស់យើង​មានខ្ពស់ជាងគេ»។ 

របាយការណ៍រដ្ឋាភិបាល​បង្ហាញថា គិត​ត្រឹមឆ្នាំ ២០១៨ ចំនួន​សហគ្រាស​ធុនតូច និងមធ្យម ឬហៅថា SME នៅកម្ពុជា គឺមាន​ប្រមាណ ៥០ ម៉ឺន​សហគ្រាស ដែលស្មើនឹង​៩៩% ទៅហើយ​នៃ​ចំនួន​សហគ្រាស​សរុប។ ប៉ុន្ដែ បើតាម​សហគ្រិន​ក្នុងវិស័យនេះ​អះអាងថា ពួកគេ​នៅតែ​បន្ដ​ប្រឈម​នឹងបញ្ហា​ច្រើន បើទោះបីជា​កន្លងមកពួកគេ​បាន​ខិតខំ​អភិវឌ្ឍខ្លួន​ក៏ដោយ ហើយពួកគេ​​ក៏សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​បន្តជួយ​បន្ថែមទៀត ដល់​វិស័យ​ SME នេះ ទើបអាច​ប្រកួតប្រជែង​បាន។

របាយការណ៍​ពីធនាគារ​ជាតិ បានបង្ហាញថា នៅឆ្នាំ២០១៨នេះ ការនាំចេញ​​របស់​កម្ពុជា សម្រេច​បានជាង ១៣.៥០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ ២១% ធៀបនឹង​ឆ្នាំ​២០១៧ ខណៈការនាំ​ចូល​វិញ គឺមាន​ប្រមាណ​ជាង ១៨.៧០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​​ជាង ២១%។ តាម​តួលេខនេះ សបញ្ជាក់​​ឲ្យ​ឃើញថា ឱនភាព​ពាណិជ្ជកម្ម​ ឬការនាំចូល​របស់​កម្ពុជា​មានលើស​​ការ​នាំចេញ រហូតដល់ជាង ៥.២០០ លាន​ដុល្លារ​អាមេរិក ខ្ពស់ជាង​ឆ្នាំ​២០១៧ប្រមាណ ១ពាន់​លានដុល្លារអាមេរិក។  

គួរបញ្ជាក់ដែរថា កន្លងមករាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាសថា នឹង​ចំណាយ​ថវិកាជាតិ​១០០ លាន​ដុល្លារអាមេរិក បង្កើតធនាគារ​SME ដើម្បីជួយ​សម្រួលដោះស្រាយ​បញ្ហា​ខ្វះប្រភពទុន​របស់​វិស័យ​សហគ្រាស​ធុនតូច និងមធ្យម។ ហើយបើតាម​ការបញ្ជាក់ ពី​មន្ត្រី​ជាន់ខ្ពស់​របស់រាជរដ្ឋាភិបាល​កម្ពុជា ធនាគារ​SME នេះ អាចនឹង​បើដំណើរការ​នៅចុងឆ្នាំ ២០១៩នេះ ខណៈដែលរាជរដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​ថវិការួចរាល់​ហើយ។

ធនាគារ SME នេះដែរ ត្រូវបាន​អ្នកជំនាញ មើលឃើញថា នឹងដើរតួនាទីសំខាន់​ក្នុងការ​គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុនតូច និងមធ្យម ពិសេស​គឺជំរុញដល់​ការផលិតក្នុង​ស្រុកតែម្ដង៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ខ្ទង់ពាន់លានដុល្លារដល់កម្ពុជា បន្ទាប់ពី​ផ្អាក​មួយ​រយៈពេល

ព័ត៌មាន
ធនាគារ​ពិភពលោក​នឹង​អនុម័ត​កញ្ចប់​ថវិកា​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១​ប៊ី​លាន​ (១០០០​លាន) ដ…

ផ្សារទំនើបបារាំង Auchan សម្រេចលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅវៀតណាម ព្រោះតែខាតពេក

ព័ត៌មាន
ផ្សារទំនើបយីហោពីបារាំង Auchan បានប្រកាសលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុនផ្សារទំនើបមួយនេះបានឈរជើងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ