កម្ពុជានឹងមានផែចំណតកុងតឺន័រថ្មីមួយទៀត

កម្ពុជានឹងមានផែចំណតកុងតឺន័រថ្មីមួយទៀត តម្លៃជាង ៣០លានដុល្លារនៅពាក់កណ្ដាលឆ្នាំ២០២៤


ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ន និងអនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ន បាននិងកំពុងធ្វើការស្ថាបនាកែប្រែចំណតផែលើកដាក់ទំនិញរាយ ឲ្យទៅជាចំណតផែកុងតឺន័រថ្មីដែលមានប្រវែង២៥៣ម៉ែត្រ និងជម្រៅទឹក៩,២ម៉ែត្រ។ គម្រោងកំពង់ផែនេះ នឹងត្រូវបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៤។ នេះបើតាមការអះអាងថ្នាក់ដឹកនាំកំពង់ផែ។
កម្ពុជានឹងមានផែចំណតកុងតឺន័រថ្មីមួយទៀត តម្លៃជាង ៣០លានដុល្លារនៅពាក់កណ្ដាលឆ្នាំ២០២៤
ដោយ

ថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុអះអាងថា ក្រោយការសាងសង់ចំណតកុងតឺន័រថ្មីនេះរួចរាល់ និងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ សមត្ថភាពកំពង់ផែនឹងកើនឡើង ៣៥% ដោយអាចលើកដាក់ទំនិញបានប្រមាណ២៥ម៉ឺន TEUs។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអះអាងថា បច្ចុប្បន្ន ចំណតផែកុងតឺន័ររបស់កំពង់ផែ មានត្រឹមតែ២ប៉ុណ្ណោះ សម្រាប់ការលើកដាក់ទំនិញ ដែលសមត្ថភាពនេះ នៅមានកម្រិត បើធៀបនឹងតម្រូវការបច្ចុប្បន្ន និងពេលអនាគត។ ដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឲ្យមានការអភិវឌ្ឍសមត្ថភាពកំពុងផែបន្ថែមទៀតឲ្យបានទាន់ពេលវេលា។ តួយ៉ាង បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងតែពន្លឿនគម្រោងសាងសង់បន្ទាន់នូវចំណតផែកុតឺន័រថ្មីមួយទៀតដែលមានប្រវែង ២៥៣ម៉ែត្រ ជាមួយនឹងការប្រើប្រាស់ទុនសរុបជាង៣០លានដុល្លារ ដោយក្នុងនោះ ១០លានដុល្លារសល់ពីកម្ចីរបស់រដ្ឋាភិបាលជប៉ុន បូករួមទាំងថវិការបស់រដ្ឋាភិបាលកម្ពុជាប្រមាណ ២២លានដុល្លារទៀត។ គម្រោងផែចំណតកុងតឺន័រថ្មីនេះ នឹងបង្កើនសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ ៣៥% បន្ថែមទៀត ដោយអាចលើកដាក់ទំនិញបានប្រមាណ២៥ម៉ឺន ETUs។ នេះបើតាមការអះអាងរបស់ឯកឧត្តម លូ គឹមឈន់ ដែលបានបញ្ជាក់បន្ថែមថា គម្រោងចំណតផែកុងតឺន័រនេះ នឹងចាប់ផ្ដើមបើកការដ្ឋាសាងសង់នៅថ្ងៃទី ០១ ឧសភា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់រួចរាល់ បើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខនេះ។

អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្ថែមថា បច្ចុប្បន្នសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះហនុមានក្រុមហ៊ុនដឹកជញ្ជូនចំនួន១២ និងកប៉ាល់ចំនួន១៦គ្រឿងក្នុងមួយសប្ដាហ៍ ដែលបានចូលដឹកទំនិញចេញចូលទៀតទាត់។ ទោះយ៉ាងណា សមត្ថភាពកំពង់ផែបច្ចុប្បន្ននេះ គឺអាចឲ្យកប៉ាល់តែប្រហែល១៨% ប៉ុណ្ណោះ នៃចំនួនកប៉ាល់សរុបនៅក្នុងតំបន់អាចចូលចតបាន។ កត្តានេះហើយ បានធ្វើឲ្យតម្លៃដឹកជញ្ជូនទំនិញរបស់កម្ពុជាតាមផ្លូវសមុទ្រ នៅតែមានខ្ពស់ជាងប្រទេសជិតខាង ប្រហែល ២០០ដុល្លារក្នុងមួយទូរកុងតឺន័រ។ ដោយមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតឲ្យមានចំណតផែកុងត័នឺទឹកជ្រៅ ជម្រៅ១៤,៥ ម៉ែត្រ បើកដំណើរការនៅឆ្នាំ២០២៦ ដែលអនុញ្ញាតឲ្យកប៉ាល់ធំៗអាចចូលចតបាន ហើយថ្លៃដឹកជញ្ជូនក៏នឹងថយចុះ ២០០ដុល្លារ ក្នុងមួយទូរកុងតឺន័រ ពោលគឺអាចនិយាយបានថាប្រហាក់ប្រហែលនឹងប្រទេសជិតខាង។ លើសពីនេះ នៅឆ្នាំ២០២៨ កម្ពុជានឹងបន្ដអភិវឌ្ឍសមត្ថភាពកំពង់ផែថែមទៀត ក្នុងជម្រៅទឹក១៦,៥ម៉ែត្រ ដែលអនុញ្ញាតឲ្យនាវាធំៗស្ទើរតែទាំងអស់អាចចូលចតបាន ហើយការដឹកជញ្ជូនទំនិញពីកម្ពុជា ក៏អាចធ្វើឡើងទៅដល់សហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ត្រូវផ្ទេរទំនិញនៅតាមកំពង់នៃប្រទេសដទៃនោះឡើយ។

តាមរយៈរបាយការណ៍ពីកំពង់ស្វយ័តក្រុងព្រះសីហនុ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះមានកំណើនជាង ១០% ហើយបើគិតក្នុងឆ្នាំ២០២២ កំណើនទូរកុងតឺន័រឆ្លងកាត់កំពង់ផែនេះ មានជាង ២,៤%។ ក្នុងនោះ ការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកមានច្រើនជាងគេបំផុត បន្ទាប់មកគឺសហភាពអឺរ៉ុប ប្រទេសចិន និងបណ្ដាប្រទេស និងដែនដីផ្សេងៗទៀត៕




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យ និងការអភិវឌ្ឍនៅខេត្តកោះកុងនឹងកើនឡើង ក្រោយព្រលានយន្ដហោះតារាសាគរបើកដំណើរការ

ព័ត៌មាន
បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១នៅខេត្តកោះកុង នឹងបើកឲ្យហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់ពីបានពន្យ…

ជាមួយកម្ចីឌីជីថលរបស់ អេ អឹម ខេ លក្ខខណ្ឌងាយៗ ការប្រាក់សមរម្យ និងសេវារហ័ស

ព័ត៌មាន
តើលោកអ្នកកំពុងត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មខ្នាតតូចមួយសម្រាប់ពង្រឹងជីវភាពមែនឬទេ? តើលោកអ្នកកំពុងត្រូវការថវិកាសម្រាប់ទិញសម្ភារៈដាក់ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ