ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា ការបោះផ្សាយបណ្ណបំណុលរដ្ឋនេះ មិនត្រឹមតែជាមធ្យោបាយដ៏ល្អប្រសើរមួយក្នុងការប្រមូលមូលនិធិនៅក្នុងស្រុកសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជានោះទេ ប៉ុន្ដែ វាក៏នឹងរួមចំណែកជួយឲ្យវិស័យទីផ្សារមូលបត្រកាន់តែមានភាពរីកចម្រើន និងលេចធ្លោថែមមួយកម្រិតទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាប់ផ្ដើមបោះផ្សាយលក់មូលបត្របំណុលរដ្ឋតម្លៃ ៣០០លានដុល្លារ ជាលើកដំបូងរបស់ខ្លួនចាប់ពី ខែកញ្ញា ឆ្នាំ២០២២ តទៅ។ដោយក្នុងនោះ មានចែកមូលបត្រជា៣ប្រភេទ គឺបណ្ណបំណុលដែលមានរយៈពេល ១ឆ្នាំ,៣ឆ្នាំ និង៥ឆ្នាំ ហើយការបោះផ្សាយក៏នឹងធ្វើឡើងទៅតាមដំណាក់កាលផងដែរ។ តម្លៃនៃបណ្ណបំណុលនេះ គឺមួយបណ្ណតម្លៃ១លានរៀល មានអត្រាកូប៉ុងថេរ និងមានការទូទាត់សងកូប៉ុង ឬការប្រាក់រៀងរាល់៦ខែម្ដង។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការបោះផ្សាយបណ្ឌបំណុលរដ្ឋលើកដំបូងនេះ គឺជាការសម្របសម្រួលដោយផ្ទាល់ពីធនាគារជាតិនៃកម្ពុជា ដូច្នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ធនាគារជាតិនៃកម្ពុជា ដែលមានសមត្ថភាព ក្នុងការទិញមូលបត្របំណុលរដ្ឋនេះ នឹងមានសិទ្ធិក្នុងទិញបណ្ណបំណុលតាមយន្តការរបស់ធនាគារជាតិនៃកម្ពុជា ពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែម្ដង។
ឯកឧត្តម ហុង សុហួរ បញ្ជាក់ទៀតថា ជាការពិតការបោះបណ្ណបំណុលរដ្ឋលើកដំបូងនេះ នឹងចូលរួមពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឲ្យកាន់តែបោះជំហានទៅមុខ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យផ្សារភាគហ៊ុននៅកម្ពុជា និងលើពិភពលោក។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ដ្បិតស្ថានភាពនៃវិស័យទីផ្សារមូលបត្រ នាពេលបច្ចុប្បន្ន នៅតែដំណើរការធម្មតា ក៏ដោយចុះ ក៏ប៉ុន្តែ ភាពមិនច្បាស់លាស់នៃវិបត្តិនានា ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ដូចជា វិបត្តិកូវីដ១៩ បញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន គួបផ្សំនឹងភាពតានតឹងរវាងប្រទេសចិន-តៃវ៉ាន់ នាពេលថ្មីៗ ជាដើម នៅតែជាកត្តាដែលគួរឲ្យព្រួយបារម្ភ នៃផែនការបោះផ្សាយមូលបត្របំណុលរដ្ឋលើកដំបូងនេះ។
ដោយឡែក ទាក់ទងនឹងលក្ខខណ្ឌវិនិយោគវិញ ត្រូវបានឯកឧត្តម ហុង សុហួរ បញ្ជាក់ថា គ្មានភាពស្មុគស្មាញនោះទេ ក៏ប៉ុន្តែ ជាគោលការណ៍វិនិយោគបណ្ណបំណុលរដ្ឋនេះ គឺសម្រាប់តែវិនិយោគិនស្ថាប័នតែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បាននិងកំពុងមមាញឹករៀបចំបទបញ្ញត្តិសម្រាប់ការបោះផ្សាយមូលបត្របំណុលរដ្ឋនេះ។ បើតាមឯកឧត្តម ហុង សុហួរ ផ្សារមូលបត្រកម្ពុជា មានតួនាទី ជាអ្នកសម្របសម្រួល និងផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានទីផ្សារមូលបត្រដល់សាធារណៈជន និងរង់ចាំការចុះបញ្ជីមូលបត្រ នៅដំណាក់កាលចុងក្រោយ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើតាមក្រសួងសេដ្ឋកិច្ច ស្ថាប័នដែលវិនិយោគិនលើមូលបត្ររដ្ឋនេះ ក៏នឹងទទួលបានការលើកទឹកចិត្តពីរដ្ឋផងដែរ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមានការកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល៣ឆ្នាំ។ បន្ថែមពីនេះ ក៏មានការលើកទឹកចិត្តក្នុងវិស័យធនាគារមួយចំនួនទៀតផងដែរ៕