បើតាមអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ ឯកឧត្តម សេក សុខុម បានប្រាប់សារព័ត៌មានខេមបូណូមីស នៅរសៀលថ្ងៃទី ២៩ ខែធ្នូថា ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងសារហេតុការណ៍នេះ អាចនឹងមានការកើនឡើងថែមទៀត ខណៈបច្ចុប្បន្ន ខាងអាជ្ញាធរមាន និងក្រុមជួយសង្គ្រោះកំពុងបន្ដស្វែងរកអ្នកនៅជាប់គាំងនៅក្នុងបន្ទប់កាស៊ីណូ ដោយបន្ទប់ទាំងនោះ ភាគច្រើនសុទ្ធតែប្រើប្រព័ន្ធទ្វារបន្ទប់ Smart Key គឺនៅពេលដែលចរន្ដភ្លើងត្រូវបានដាច់ ទ្វារបន្ទប់ មិនអាចបើកចេញបានឡើយ។
បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នស្ថានការណ៍អគ្គីភ័យនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងបាន ហើយកាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអញ្ជើញដល់កន្លែងកើតហេតុការណ៍ នៃគ្រោះអគ្គិភ័យ ឆាបឆេះកាស៊ីណូ ដើម្បីដឹកនាំបញ្ជាការជួយពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋផងដែរ។
តាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ការឆាបឆេះកាស៊ីណូទាំងពីរ ដែលនៅទីតាំងជាប់គ្នានេះ គឺបណ្ដាលមកពីការឆ្លងផ្ទុះសេរចរន្ដអគ្គិសនី ដោយសារតែមានការតភ្លើង ដើម្បីប្រើប្រាស់ក្នុងកម្លាំងធំ សម្រាប់ត្រៀមពិធីឆ្លងឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សេក សុខុម។
ទោះយ៉ាងណា គិតមកទល់រសៀលថ្ងៃទី ២៩ខែធ្នូនេះ គេមិនទាន់មានការវាយតម្លៃអំពីទំហំខូចខាតទ្រព្យសម្បត្តិ ដោយសារហេតុការណ៍នេះនៅឡើយទេ។
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ថា ហេតុការណ៍ឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតនេះ គឺជាសោកនាកម្មធំមួយ សម្រាប់ខេត្តមួយនេះ ដែលមិនធ្លាប់មានពីមុនមកនោះឡើយ៕