ការព្រមាននេះបានធ្វើឱ្យបញ្ហាកោះ Greenland ក្លាយជាចំណុចក្តៅថ្មីមួយនៅក្នុងសម្ព័ន្ធយោធា NATO ដែលមាន ៣២ប្រទេសជាសមាជិក ខណៈមេដឹកនាំអឺរ៉ុបកំពុងព្យាយាមរក្សាសាមគ្គីភាពក្នុងការប្រឈមមុខនឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី៧ ខែកក្កដា។
លោក ដូណាល់ ត្រាំ បានគំរាមដកទាហានអាម៉េរិកទាំងអស់ចេញពីអឺរ៉ុប ប្រសិនបើដាណឺម៉ាក មិនព្រមប្រគល់កោះ Greenland ដែលជាកោះធំបំផុតក្នុងពិភពលោកឱ្យទៅសហរដ្ឋអាម៉េរិក។ លោកបានអះអាងថា កោះ Greenland គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក គឺមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក នោះទេ ដោយសារតែទីតាំងយុទ្ធសាស្ត្ររបស់កោះនេះនៅតំបន់អាក់ទិក និងបានអះអាងថា តំបន់នោះកំពុងប្រឈមឥទ្ធិពលពីរុស្ស៊ី និងចិន។ លោក ក៏បានព្រមានដែរថា ប្រសិនបើអឺរ៉ុបនៅតែបដិសេធ សហរដ្ឋអាម៉េរិកមិនចាំបាច់បន្តចំណាយថវិកាយ៉ាងសម្បើមក្នុងទំហំរាប់ទ្រីលានដុល្លារ ដើម្បីការពារអឺរ៉ុបទៀតនោះឡើយ ហើយអាចនឹងដកកងទ័ពអាម៉េរិកចេញពីទ្វីបអឺរ៉ុបទាំងស្រុង។
លោក ត្រាំ បានអះអាងថា ទំនាក់ទំនងរបស់លោកជាមួយអង្គការបក្សសម្ព័ន្ធយោធា NATO បានរងភាពល្អក់កករ ដោយសារប្រទេសសមាជិក NATO មិនគាំទ្រការទាមទាររបស់សហរដ្ឋអាម៉េរិក កាន់កាប់កោះ Greenland ហើយ លោក ក៏បានព្រមានអឺរ៉ុបឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាអន្តោប្រវេសន៍ និងថាមពល ដោយអះអាងថា បើមិនដោះស្រាយបញ្ហាទាំងនេះទេ អឺរ៉ុបអាចនឹងលែងដូចសព្វថ្ងៃទៀតហើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលដាណឺម៉ាក និងមេដឹកនាំកោះ Greenland នៅតែប្រកាន់ជំហរថា កោះ Greenland មិនមែនជាទ្រព្យសម្បត្តិសម្រាប់លក់ ឬប្រគល់ឱ្យប្រទេសណាមួយតាមអំពើចិត្តនោះ
ឡើយ។ បច្ចុប្បន្នតំណាងអាម៉េរិក ដាណឺម៉ាក និងកោះ Greenland កំពុងបន្តកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។
ជុំវិញការលើកឡើងរបស់លោក ត្រាំ ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានអំពាវនាវឱ្យគ្រប់ភាគីរក្សាភាពស្ងប់ស្ងាត់ និងបន្តកិច្ចពិភាក្សាដោយសង្កត់ធ្ងន់ថា សន្តិសុខតំបន់អាក់ទិក គួរតែដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្ត គឺមិនមែនតាមរយៈការបង្កើនភាពតានតឹងនោះឡើយ៕