អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ និងការបង់ប្រាក់ដើមបង់រំលោះ សម្រាប់ការទិញផ្ទះទី២ និងផ្ទះជាបន្តបន្ទាប់ទៀត ត្រូវបានអាជ្ញាធរកំណត់កាន់តែខ្ពស់ សម្រាប់អ្នកទិញផ្ទះនៅប្រទេសចិន។ ច្បាប់មួយចំនួនត្រូវបានដាក់ចេញនាពេលនេះ គឺដើម្បីកុំឱ្យទីផ្សារអចលនទ្រព្យឡើងថ្លៃខ្លាំង ដោយសារការទិញផ្ទះទុកលក់ចំណេញ។
នៅតាមទីក្រុងធំៗដូចជាទីក្រុងប៉េកាំង និងស៊ាងហៃជាដើម ក្រៅតែពីបញ្ហាចំនួនអចលនទ្រព្យ ដែលជាកម្មសិទ្ធិ ប្រវត្តិនៃកម្ចីទិញផ្ទះរបស់បុគ្គលម្នាក់ៗក៏ជាកត្តានៃបញ្ហាមួយទៀតផងដែរ។ អ្នកដែលបានខ្ចីប្រាក់ទិញផ្ទះក្នុងពេលកន្លងមកត្រូវបានចាត់ទុកដូចជាពួកគេកំពុងទិញផ្ទះទី២ ហើយប្រឈមនឹងអត្រាការប្រាក់ និងបង់កក់ប្រាក់ដើមខ្ពស់ បើទោះជាពួកគេកំពុងលក់ផ្ទះចាស់ និងស្វែងរកទិញផ្ទះថ្មីសម្រាប់រស់នៅក៏ដោយ។
នៅក្រោមការផ្លាស់ប្តូរនេះ អត្រាការប្រាក់នៅពេលទិញផ្ទះថ្មី សម្រាប់រស់នៅ នៅទីក្រុងប៉េកាំងអាចធ្លាក់ចុះពី ៥,២៥% មកនៅត្រឹម ៤,៧៥%នៅក្នុងមួយឆ្នាំ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ ស៊ាងហៃយីជូ (Shanghai Yiju)។ ការបង់រំលោះអប្បបរមាគិតជាភាគរយនៃតម្លៃទិញសរុបអាចធ្លាក់ចុះពី៨០% នៃតម្លៃអចលនទ្រព្យសរុប មកនៅកម្រិតទាបរហូតដល់៣៥%។
រដ្ឋមន្ត្រីអភិវឌ្ឍន៍លំនៅឋាននិងតំបន់ទីក្រុង-ជនបទ លោក នី ហុង (Ni Hong) ដែលជាអ្នក ដឹកនាំគោលនយោបាយអចលនវត្ថុរបស់ប្រទេសចិន បានជួបជាមួយក្រុមហ៊ុនអចលនទ្រព្យ និងសំណង់ផងដែរ មុនពេលប្រកាសចេញវិធានការនេះ នៅថ្ងៃទី ៣១ ខែកក្កដាបន្ទាប់ពីកិច្ចប្រជុំការិយាល័យនយោបាយ។
លោក នី បានបង្ហាញពីផែនការមួយចំនួន ដើម្បីបន្តការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះ និងអត្រាការប្រាក់បង់រំលោះ សម្រាប់អ្នកទិញលើកដំបូង ហើយការកាត់បន្ថយពន្ធនៅពេលផ្លាស់ប្តូរទៅរស់នៅផ្ទះថ្មីក៏ត្រូវបានពិភាក្សាផងដែរ។
ការលក់ខុនដូនៅប្រទេសចិន បន្តធ្លាក់ចុះដោយជំរុញឱ្យតម្លៃផ្ទះធ្លាក់ចុះនៅក្នុងខែមិថុនាបើធៀបនឹងខែឧសភា សម្រាប់ផ្ទះល្វែងថ្មី និងផ្ទះប្រើរួចហើយនៅក្នុងទីក្រុងធំៗចំនួន៧០នៅទូទាំងប្រទេសចិន។ ក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញ កំពុងធ្លាក់ចុះជាបណ្ដើរៗខណៈដែលផ្ទះជាច្រើនកំពុងដាក់លក់តាមទីផ្សារ ប៉ុន្ដែ មិនសូវមានអ្នកទិញ៕
អត្ថបទ៖ សុខ ជា