ជំរឿនសេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងជាត្រីវិស័យសម្រាប់ជួយដល់រាជរដ្ឋាភិបាលក្នុងការសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងមិនប្រថុយប្រថានក្នុងការរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិឱ្យរីកចម្រើន និងជាមូលដ្ឋានសម្រេចនូវផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍន៍វិស័យ ដែលនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៤ ខាងមុខផងដែរ។
ជំរឿនសេដ្ឋកិច្ច
ដោយ

ថ្លែងនាពិធីប្រកាសផ្សព្វផ្សាយ«របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២» នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ចមានសារសំខាន់ណាស់ សម្រាប់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងអ្នកសិក្សាស្រាវជ្រាវសម្រាប់យកទៅប្រើប្រាស់សម្រាប់វិភាគ និងរៀបចំគោលនយោបាយ ក៏ដូចជាធ្វើជាប្រទីបបំភ្លឺផ្លូវដើម្បីទាក់ទាញវិនិយោគជាដើម។ សម្រាប់សម្តេចធិបតី ប្រភពទិន្នន័យនេះប្រៀបបានជាផែនទី និងត្រីវិស័យជួយឱ្យកម្ពុជាអាចសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ មិនប្រថុយប្រថាន និងជាមូលដ្ឋានសម្រាប់ការព្យាករ សេណារីយ៉ូ ពីការប្រែប្រួលនាពេលអនាគត ខណៈមានក្រុមហ៊ុនជាច្រើននៅលើពិភពលោកក៏បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យនេះដែរ។

បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ នៅក្នុងការកសាងសំខាន់ពីរ គឺសម្រាប់កសាងក្របខ័ណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងព្យាករណ៍សម្រាប់អនាគត ដើម្បីធានានូវភាពប្រកួតប្រជែង ខណៈសារៈសំខាន់មួយទៀត ដែលទិន្នន័យជួយដល់រាជរដ្ឋាភិបាលនោះ គឺការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ពោលគឺការដាក់ចេញនូវគោលនយោបាយ ឬរៀបចំផែនការអនុវត្តសកម្មភាពផ្សេងៗ ដែលទាមទារការត្រួតពិនិត្យវាយតម្លៃ ដើម្បីកែសម្រួលឱ្យទាន់ពេលវេលា។

យ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២នេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខ និងជាមូលដ្ឋានសម្រេចនូវផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍន៍វិស័យ ដែលនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៤ខាងមុខផងដែរ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាស្ថានស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាន និងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ។

គួរជម្រាបថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួនជាង៧៥ម៉ឺន កើនឡើង៤៩% បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួនជាង៥០ម៉ឺនអង្គភាព។ ដោយអង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់បានស្រូបយកកម្លាំងពលកម្មសរុបចំនួនជិត៣លាននាក់៕

None



អត្ថបទបន្ទាប់


គយប្រមូលចំណូលមិនគ្រប់តាមផែនការ ខណៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឱ្យស្ថាប័ននេះបាត់ចំណូលជិត៤០០លានដុល្លារនៅឆ្នាំនេះ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ កា…

អ្នកជំនាញជឿជាក់ថា កម្ពុជានឹងកាន់តែមានភាពទាក់ទាញ បើគម្រោងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ពិតជាលេចចេញជារូបរាង

រាជរដ្ឋាភិបាលកម្ពុជា និងវិនិយោគិនជប៉ុនកំពុងសិក្សាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននៅកម្ពុជា សំដៅជួយលើកកម្ពស់វិស័យដឹកជញ្ជូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ