ថៃបន្ដជំនះព្យុះកូវីដ-១៩

ក្រោយរកចំណូលបាន៦០លានដុល្លារពីការបើកកោះភូកេត ថៃបន្ដជំនះព្យុះកូវីដ-១៩ នឹងបើកខេត្ត-ក្រុងចំនួន៥ទៀត


អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលប្រទេសថៃជួបនូវរលកព្យុះកូវីដ១៩ បោកបក់យ៉ាងខ្លាំងក្លា ខណៈដែលករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែរក្សាតួលេខខ្ពស់មានជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនៅឡើយ។ បើទោះបី ដៃម្ខាងកំពុងមមាញឹកខ្លាំងទប់ទល់នឹងព្យុះកូវីដ១៩ក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលថៃ ក៏នៅតែបន្ដជំនះស្ថានភាពដ៏អាក្រក់នេះ ក្នុងការរក្សាដង្ហើមសេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍ឲ្យនៅមានដង្ហើមរស់ឡើងវិញ។
រដ្ឋាភិបាលថៃនឹងបើកខេត្ត-ក្រុងចំនួន ៥បន្ថែមទៀត ដើម្បីទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច
ដោយ

ជាក់ស្ដែង នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ រដ្ឋាភិបាល​ថៃ​នឹង​បើក​ខេត្ត​-​ក្រុង​ចំនួន ៥​បន្ថែម​ទៀត ដើម្បី​ទទួល​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច បន្ទាប់​ពី​គម្រោង​បើក​កោះ​ភូ​កេ​ត​អនុវត្ត​បាន​ជាង ៣​ខែ ទទួល​បាន​ទេសចរ​បរទេស​ជាង ៤​ម៉ឺន​នាក់ ដែល​បាន​ផ្ដល់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ប្រមាណ ៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ លោក ថា​ណា​ខន បាន​និយាយ​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ត ចាន់​អូ​ចា បាន​សាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ គម្រោង​បើក​កោះ​ភូ​កេ​ត នា​ពេល​កន្លង​មក ដោយ​គម្រោង​នេះ បាន​ចាប់ផ្ដើម​ឡើង​ដំបូង​តាំងពី​ដើមខែ​កក្កដា​មក​ម្ល៉េះ ដោយ​បាន​ផ្ដល់​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ថៃ ដល់​ទៅ​ជាង​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ ជាង​៤​ម៉ឺន​៣​ពាន់​នាក់​។ តាម​រយៈ​បទ​ពិសោធន៍​បើក​កោះ​ភូ​កេ​ត​នា​ពេល​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​បរទេស ដែល​ថៃ​ទទួល​បាន ភាគច្រើន​មក​ពី អា​មេ​រិ​ក​, អ៊ី​ស្រា​អែ​ល​, អង់គ្លេស​,​អា​ល្លឺ​ម៉​ង់ និង បារាំង​ជាដើម​។

បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ ក្រោយ​ពី​ភាព​ជោគជ័យ លើ​គម្រោង​បើ​កោះ​កូ​កេ​ត​នេះ រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​បើក​ខេត្ត​-​ក្រុង​ចំនួន ៥​បន្ថែម​ទៀត ដើម្បី​ទទួល​ទេសចរ​បរទេស រួម​មាន ក្រុង​បាងកក​, ខេត្ត​ឈៀង​ម៉ៃ​, ខេត្ត​ប្រា​ឈួ​ប​គិរី​កាន​, ភី​ត​ឆា​បុរី​, និង ឈុ​ន បុរី ជាដើម​។ ប៉ុន្ដែ ការ​បើក​នេះ មិនមែន​បើក​ខេត្ត​ទាំងមូល​នោះ​ទេ គឺ​បើក​តែ​តាម​ស្រុក​សំខាន់​ៗ​នៅ​ក្នុង​ខេត្ត​នោះ ដែល​មិន​មានការ​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​ខ្លាំង​តែ​ប៉ុណ្ណោះ​។

តាម​រយៈ​ការ​បើក​ទិស​ដៅ​បន្ថែម​ដើម្បី​ទទួល​ទេសចរ​បទេស​បាន​ចាក់​វ៉ាក់សាំង​នេះ រាជរដ្ឋាភិបាល​ថៃ រំពឹង​ថា នៅ​ឆ្នាំ​ក្រោយ​នេះ នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល ១៥​លាន​នាក់ ជាមួយនឹង​ប្រាក់​ចំណូល​ប្រមាណ ជាង​៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង​ប្រហែល ពាក់កណ្ដាល នៃ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​កាលពី​ឆ្នាំ​២០១៩ ដែល​ជា​ពេលវេលា​កូ​វី​ដ​១៩ មិន​ទាន់​មានការ​ផ្ទុះ​រាលដាល​ខ្លាំង​។

សូម​បញ្ជាក់​ថា ស្ថានភាព​កូ​វី​ដ​១៩ នៅ​ថៃ នៅ​តែ​មាន​ករណី​ឆ្លង​ធ្ងន់ធ្ងរ​នៅឡើយ ដោយ​ចំនួន​អ្នក​ឆ្លង​ក្នុង​មួយ​ថ្ងៃ​នៅ​តែ​មាន​ជាង​១​ម៉ឺន​ករណី​។ ជាក់ស្ដែង តួលេខ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​មុន​នេះ បង្ហាញ​ថា ថៃ​មាន​ករណី​ឆ្លង​ថ្មី​ជាង ១​ម៉ឺន​នាក់ និង​ករណី​ស្លាប់មាន​៨៤​នាក់ ដែល​នាំ​ឲ្យ​តួលេខ​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ បាន​កើន​ដល់​ជាង ១​លាន​៧​សែន​នាក់​ហើយ និង​អ្នក​ស្លាប់​សរុប​មាន​ជាង ១​ម៉ឺន​៧​ពាន់​នាក់​។ ដោយឡែក តួលេខ​ពី​ការ​ចាក់​វ៉ាក់សាំង​វិញ នៅ​ថៃ មាន​ប្រជាជន​ប្រមាណ ២៣​លាន​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស ដែល​ស្មើនឹង​ជាង ៣០% នៃ​ចំនួន​ប្រជាជន​សរុប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុននៅវៀតណាមកំពុងជំរុញទាក់ទាញឱ្យកម្មករវិលត្រឡប់មកធ្វើការវិញ ក្រោយវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ

ព័ត៌មាន
ប្រទេសវៀតណាម កំពុងពិចារណាអំពីជម្រើសដើម្បីទាក់ទាញកម្មករ ដែលបានឈប់ពីការងារមុន ឬ អំឡុងពេលបិទខ្ទប់ ដើម្បីវិលត្រឡប់ចូលធ្វើការឡើងវិញ ខណៈដែ…

យានដ្ឋានថែទាំរថយន្តនិងសំបកកង់ «ថាយផ្ល័ស» ប្រារព្ធខួបគម្រប់២ឆ្នាំ ដែលនឹងផ្ដល់សេវាកម្មហ្រ្វ៊ីៗជាច្រើនដល់អតិថិជន

ព័ត៌មាន
បច្ចុប្បន្ននេះ ការវិវត្តនៃសម័យបច្ចេកវិទ្យារថយន្ដកាន់តែទំនើប ជឿនលឿន និងរីកចម្រើនខ្លាំងនៅលើសកលលោក ហើយសន្ទុះនៃអ្នកប្រើប្រាស់រថយន្ត ក៏កាន់តែច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ