នៅក្នុងបរិការណ៍ការស្តារឡើងវិញពីជំងឺរាតត្បាតសាកល រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើន ដោយមានគោលបំណងគាំទ្រដល់ធុរកិច្ចទាំងអស់ ដើម្បីមានលទ្ធភាពរក្សាលំនឹង និងពង្រីកអាជីវកម្មបាន។ បើទោះបីជាមានការផ្តល់ការគាំទ្រតាមរយៈកម្មវិធីនានា និងបទប្បញ្ញត្តិផ្សេងៗគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែមានការសង្កេតឃើញថា នៅតែត្រូវការកម្មវិធីជួយគាំទ្រ ដើម្បីជួយដល់ការរីកចម្រើនរបស់ធុរកិច្ច និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានគំនិតផ្តួចផ្តើមសំខាន់ជាច្រើន ដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីទាំងអស់នោះមានដូចជា ការអភិវឌ្ឍ និងដំណើរការកម្មវិធីបណ្តុះគំនិត ពន្លឿនធុរកិច្ច និងកម្មវិធីដែលពាក់ព័ន្ធការចាប់ផ្ដើមបង្កើតស្ថាប័ន ដែលផ្តល់ការណែនាំធុរកិច្ច និងបណ្តុះបណ្តាលទេពកោសល្យ និងមានកម្មវិធីផ្តល់កញ្ចប់ជំនួយឥណទាននានា ដើម្បីគាំទ្រដល់សហគ្រាសបង្កើតថ្មី ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលមានសក្តានុពល។
ដើម្បីចូលរួមដោះស្រាយបញ្ហានានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា, នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី ១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យវឌ្ឍនភាពក្នុងត្រីមាសទី៣ ឆ្នាំ ២០២២ និងកំណត់ទិសដៅសម្រាប់ត្រីមាស៤ ឆ្នាំ ២០២២ ឱ្យស្របនឹងចក្ខុវិស័យ ក្នុងគោលបំណងបន្តបេសកម្មសំខាន់ ពោលគឺការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយភាពរស់រវើក ព្រមទាំងផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនផលិតភាព និងការបង្កើតការងារសមរម្យ។
ទន្ទឹមនេះ ក្រុមប្រឹក្សាបរធនបាលក៏បានពិភាក្សា និងអនុម័តលើកម្មវិធីរបស់ក្រុមការងារ និងបានផ្ដល់គោលការណ៍ណែនាំបន្ថែមមួយចំនួនដល់សហគ្រិនខ្មែរក្នុងការបន្តអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួន ដូចជា៖ ទី១. រៀបចំក្របខ័ណ្ឌសហវិនិយោគមួយ ដើម្បីជំរុញការវិនិយោគរបស់សហគ្រិនខ្មែរ។ ទី២. ពង្រីកបណ្ដាញទំនាក់ទំនងធុរកិច្ច និងកិច្ចសហការជាមួយសមាគមធុរកិច្ចជាតិនិងអន្តរជាតិ វិនិយោគិន និងក្រុមហ៊ុនអន្តរជាតិធំៗ ដើម្បីលើកកម្ពស់ឱកាសសហការអាជីវកម្ម ក៏ដូចជាបង្កើនលទ្ធភាពក្នុងការនាំចេញ។ ទី៣. បន្តជួយគាំទ្រដល់ធុរកិច្ចដែល ទទួលបានជំនួយពីសហគ្រិនខ្មែរ ដើម្បីអាចមានលទ្ធភាពពង្រីកអាជីវកម្ម។ ទី៤. សិក្សាស្រាវជ្រាវបន្ថែមអំពីតម្រូវការចាំបាច់ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីធ្វើការរៀបចំកែរលម្អទិសដៅយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ។ និងទី៥. កំណត់វិស័យអាទិភាពដែលមានលក្ខណៈយុទ្ធសាស្ត្រ ក្នុងការធ្វើសហវិនិយោគជាមួយដៃគូ៕