រោងចក្រផលិតសំបកកង់រថយន្ត នេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។
ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។
រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១លាន៣សែនសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណជាង ១ពាន់នាក់។