លោក ស្កូល បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចដែលរៀបចំដោយកាសែតអាល្លឺម៉ង់ ស៊ូដូតឆឹហ្សៃទឹង (Sueddeutsche Zeitung) ដោយចង់សំដៅទៅលើការពឹងផ្អែកអស់ជាច្រើនទសវត្សរ៍របស់អាល្លឺម៉ង់លើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីថា ពេលនេះអាល្លឺម៉ង់មិនចង់បង្កើតឱ្យមានការដើរជាន់ដានកំហុសចាស់ម្ដងទៀត ដូចកាលដែលពឹងផ្អែកលើរុស្ស៊ីនោះទេ។
ការអះអាងរបស់លោក ស្កូល នេះបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកតំណាងនៃឧស្សាហកម្មអាល្លឺម៉ង់បានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីព្រាងដែលលេចធ្លាយព័ត៌មាន ស្ដីពីយុទ្ធសាស្រ្តចិនថ្មីរបស់ទីក្រុងប៊ែកឡាំង និងបានអំពាវនាវឱ្យមានការគាំទ្រផ្នែកនយោបាយបន្ថែមទៀតក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការធានាវត្ថុធាតុដើមសំខាន់ៗពីកន្លែងផ្សេងទៀត។ ក្នុងន័យនេះ គឺយុទ្ធសាស្ត្ររបស់អាល្លឺម៉ង់ គឺបង្វែរការផ្គត់ផ្គង់ចេញពីប្រទេសចិន ទៅរកដៃគូពាណិជ្ជកម្មផ្សេងៗទៀតជំនួសចិនវិញ។
ទោះយ៉ាងណា ក្រុមហ៊ុនជំនួញអាល្លឺម៉ង់ធំមួយ ដែលមានប្រតិបត្តិការនៅប្រទេសចិនបាននិយាយថា ខ្លួនបានយល់ព្រមជាមួយតម្រូវការសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែទូលំទូលាយ ប៉ុន្តែក៏មានការព្រួយបារម្ភដែរថា ការប្រើប្រាស់នូវវោហាសាស្ត្រនៃយុទ្ធសាស្ត្ររបស់អាល្លឺម៉ង់នេះ នឹងអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អាល្លឺម៉ង់ជាមួយដៃគូចិន។ ក្នុងន័យនេះ គឺប្រសិនបើទីក្រុងប៊ែកឡាំង ត្រូវប្រឈមមុខក្នុងជម្លោះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងមែននោះ វាអាចនឹងធ្វើឲ្យស្ថានភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជួបវិបត្តិដ៏អាក្រក់ជាក់ជាមិនខាន។
សេចក្តីព្រាងឯកសាររបស់ក្រសួងការបរទេសជំរុញការកសាងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំជាមួយប្រទេសសេដ្ឋកិច្ចផ្សេងទៀត រួមជាមួយការគ្រប់គ្រងបន្ថែមទៀតលើពាណិជ្ជកម្មអាល្លឺម៉ង់ជាមួយប្រទេសចិន ដូចជា«ការធ្វើតេស្តភាពតានតឹង»លើការពឹងផ្អែកនៃវត្ថុធាតុដើម និងការពិនិត្យមើលផលប៉ះពាល់បរិស្ថាន និងសិទ្ធិមនុស្សទៅលើការវិនិយោគរបស់អាល្លឺម៉ង់។
ក្រុមហ៊ុនខ្លះរបស់អាល្លឺម៉ង់យល់ឃើញថា ការធ្វើតេស្តភាពតានតឹង នឹងជាឧបសគ្គខាងការិយាធិបតេយ្យមួយផ្សេងទៀត ដែលមានតែពួកគេប៉ុណ្ណោះ ដែលត្រូវប្រឈមមុខ គឺមិនមែនដៃគូប្រកួតប្រជែងរបស់ពួកគេមកពីប្រទេសដទៃទៀតឡើយ។
ក្រសួងការបរទេសចិនបានព្រមានអាល្លឺម៉ង់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ វិច្ឆិកាថា ការបង្កើតរបាំងការពារនិយមអាចធ្វើឱ្យមានអស្ថិរភាពដល់ខ្សែចង្វាក់ផ្គត់ផ្គង់ដោយបញ្ជាក់ថា ការធ្វើនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចធម្មតា គឺផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ។
ក៏ប៉ុន្តែឯកសារព្រាងរបស់អាល្លឺម៉ង់នេះបានចង្អុលបង្ហាញពីគុណវិបត្តិដែលក្រុមហ៊ុនអឺរ៉ុបមួយចំនួនកំពុងតែប្រឈមមុខនៅក្នុងប្រទេសចិនរួមទាំងការចូលទៅកាន់ទីផ្សារមានកម្រិត ការកំណត់ច្បាប់ទម្លាប់ច្រើន និងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំជាដើម៕