ក្រុមហ៊ុនកូរ៉េ LG Chem

LG វិនិយោគជាង ៣ពាន់លានដុល្លារ សង់រោងចក្រវត្ថុធាតុដើមសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក


ក្រុមហ៊ុនកូរ៉េ LG Chem ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន LG Group បានប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ខ្លួននឹងវិនិយោគទឹកប្រាក់ ៣ពាន់២រយលានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតវត្ថុធាតុដើមសម្រាប់អាគុយរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក ខណៈរដ្ឋបាលលោក ចូ បៃឌិន បានខ្នះខ្នែងពង្រឹងវិស័យយានយន្តអគ្គិសនីជាមួយនឹងការលើកទឹកចិត្តដោយបន្ធូរបន្ថយពន្ធសម្រាប់អ្នកប្រើប្រាស់ និងកាត់បន្ថយការពឹងផ្អែកលើអាគុយប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
LG ដាក់ទុនជាង ៣ពាន់លានដុល្លារសង់រោងចក្រវត្ថុធាតុដើមនៅអាមេរិក សម្រាប់អាគុយ EV

ក្រុមហ៊ុន LG Chem បាន​​ចុះអនុស្សារណៈនៃការយោគយល់​ជាមួយ​រដ្ឋ Tennessee ​ដើម្បី​សង់​រោងចក្រ​កាហ្សូត​ថ្មីមួយ​ លើ​ទំហំផ្ទៃដី ១៧០ហិចតា ដែល​នឹង​ក្លាយ​ជារោងចក្រ​ដ៏ធំបំផុតរបស់​ក្រុមហ៊ុន​កូរ៉េនេះ លើទឹកដី​អាមេរិក។ រោងចក្រ​នេះ នឹង​ផលិត​​កាហ្សូត (cathode)ឱ្យបាន ១២ម៉ឺនតោនក្នុងមួយឆ្នាំរហូតដល់ឆ្នាំ​២០២៧ ​សម្រាប់ការផលិត​​អាគុយ ​ដែលបំពាក់​លើរថយន្ត​អគ្គិសនី​បានចំនួន ១លាន ២សែនគ្រឿង។ កាហ្សូតនេះ គឺជាវត្ថុធាតុដើមដ៏សំខាន់​សម្រាប់ការផលិត​​អាគុយរថយន្ដអគ្គិសនី។

លោក Shin Hak-cheol នាយកប្រតិបត្តិ​ក្រុមហ៊ុន LG Chem បាន​និយាយថា រោងចក្រ​កាហ្សូតថ្មីនេះ នឹង​នាំក្រុមហ៊ុន​​បោះជំហាន​ដ៏ធំមួយទៀត​ ក្នុងការ​ក្លាយ​ជា​អ្នកផលិត​វត្ថុធាតុដើម​សម្រាប់​អាគុយដ៏ល្អបំផុត​ក្នុងពិភពលោក និង​បំពេញ​នូវ​ចក្ខុវិស័យ​​របស់ខ្លួន ក្លាយ​ជា​ក្រុមហ៊ុន​វិទ្យាសាស្រ្ត​​សាកល​​នាំមុខគេផងដែរ។

គួរដឹងថា រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន បាន​បញ្ចេញ​សកម្មភាព​នានា ​ដើម្បី​ធានា​ដល់​ខ្សែចង្វាក់ផ្គត់ផ្គង់​អាគុយ​រថយន្តអគ្គិសនី​ក្នុងប្រទេស ​ដើម្បីពង្រឹង​ឧស្សាហកម្ម​មួយនេះ។ រាល់អ្នកទិញ​រថយន្តអគ្គិសនី​ ​​ដែល​ផលិត​នៅអាមេរិក តាម​រយៈការប្រើប្រាស់​វត្ថុធាតុដើម ​ដែល​ផលិត​ក្នុងប្រទេស គឺ​អាច​ទទួលបាន​ការបន្ធូរបន្ថយពន្ធរហូតដល់ ៧៥០០ដុល្លារ ទៅតាមប្រភេទ និងទំហំអាគុយរថយន្ត ក្រោម​ច្បាប់​ស្តីពីការកាត់បន្ថយ​អតិផរណា​ ដែល​បាន​ចេញ​កាលពីខែសីហាកន្លងទៅ។

ក្រុមហ៊ុន​ផលិត​រថយន្តសាកល កំពុង​ត្រៀម​រៀបចំ​បង្កើត​ខ្សែ​ចង្វាក់​ផលិត​កម្ម​រថយន្ត​អគ្គិសនីនៅ​អាមេរិក ដើម្បីទាក់ទាញ​អតិថិជនដែល​ទទួលបានផលប្រយោជន៍ពីការបន្ធូរបន្ថយពន្ធនេះ។ ក្នុងនោះក្រុមហ៊ុនកូរ៉េ Hyundai កាលពីខែមុន បាន​វិនិយោគ​ ៥ពាន់ ៥រយលាន​ដុល្លារលើ​រថយន្តអគ្គិសនី និងអាគុយ នៅរដ្ឋ Georgiaផងដែរ។ ទោះយ៉ាងណាមិញ មកដល់ពេលនេះ រថយន្តអគ្គិសនីរបស់ Hyundai នៅមិនទាន់មានក្នុងបញ្ជី​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​អាមេរិកនោះទេ ខណៈ​ក្រុមហ៊ុនកូរ៉េមួយនេះ មិនទាន់​បាន​ផលិត​រថយន្តអគ្គិសនី​នៅក្នុងប្រទេស​នេះនៅ​ឡើយ។

អ្នកវិភាគរបស់ធនាគារវិនិយោគ Goldman Sachs ជឿជាក់ថា តម្រូវការសម្រាប់អាគុយអាចនឹងបំពេញគ្រប់គ្រាន់ ដោយគ្មានការផ្គត់ផ្គង់ពីប្រទេសចិន ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំក្រោយ ដោយសារតែការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ LG និង SK Hynix នៅលើទឹកដីអាមេរិក ខណៈដែលប្រទេសចិន បានផលិតអាគុយប្រមាណ ៣ ភាគ ៤ នៃអាគុយក្នុងពិភពលោក ហើយក៏គ្របដណ្តប់លើការផលិតរ៉ែ និងគ្រឿងបង្គុំសម្រាប់អាគុយផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ករណីឆ្លងកូវីដ១៩នៅចិនកក្រើកកាន់តែខ្លាំង បង្ខំឲ្យមានការបិទខ្ទប់តំបន់កាន់តែច្រើនឡើង

ព័ត៌មាន
រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន នៅថ្ងៃអង្គារទី២២វិច្ឆិកា បានប្រកាសពីការបិទខ្ទប់កន្លែងសាធារណៈជាច្រើន នៅចំពោះមុខការកក្រើកឡើងជាថ្មីទៀតនូវករណី…

អធិការបតីអាល្លឺម៉ង់ថា អាល្លឺម៉ង់កំពុងធ្វើពិធិកម្មពាណិជ្ជកម្មជាមួយចិន ទោះក្រុមជំនួញធំៗព្រមានពីផលប៉ះពាល់យ៉ាងណាក្ដី

ព័ត៌មាន
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់នឹងមិនបង្កើតឱ្យមានកំហុសរបស់ខ្លួនជាមួយប្រទេសចិនដូចជាមួយប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ