បើតាមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអន្តរជាតិមានកំណើនជាបន្តបន្ទាប់នេះ គឺដោយសារការធ្វើពិពិធកម្មសម្រាប់ទីផ្សារនាំចេញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការផលិតលើវិស័យកម្មន្តសាលកាន់តែខ្លាំងឡើងផងដែរ។
តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញកង់របស់កម្ពុជា នៅពេញមួយឆ្នាំ២០២២ កន្លងទៅនេះ សម្រេចបានក្នុងទំហំទឺកប្រាក់ចំនួន ៩០០ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ការសម្រេចបាននូវកំណើននាំចេញកង់ជាបន្តបន្ទាប់នេះ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ក៏ដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា កម្ពុជាទទួលបានទំនុកចិត្តពីអ្នកបញ្ជាទិញ និងស្វែងរកបានអ្នកបញ្ជាទិញកាន់តែច្រើន ហើយការផលិត និងការផ្គត់ផ្គង់របស់កម្ពុជា គឺបានត្រឹមត្រូវតាមតម្រូវការបញ្ជាទិញផងដែរ។ ឯកឧត្តម បន្ថែមថា ផលិតកម្មកង់នៅប្រទេសមួយចំនួនបានធ្លាក់ចុះ ក៏ជាកត្តាមួយជួយជំរុញឱ្យការនាំចេញកង់កម្ពុជាមានការកើនឡើងផងដែរ។
យ៉ាងណាមិញ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ដែរថា ការនាំចេញកង់កម្ពុជាក្នុងឆ្នាំ២០២២នេះ ហាក់មានការកើនឡើងឡើងគួរឱ្យកត់សម្គាល់ ហើយកត្តាដែលនាំឱ្យមានកំណើននេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជា អាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើមនោះ គឺសុទ្ធតែមានកំណើន។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិត និងដំឡើងកង់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ចំនួន ០៥ រោងចក្រ ខណៈប្រទេសដែលនាំចូលកង់ពីកម្ពុជាភាគច្រើន រួមមាន អាមេរិក, អូស្រ្តាលី, អាល្លឺម៉ង់, បែលហ្ស៊ីក, កាណាដា, ជប៉ុន, និងចិនជាដើម៕