សេដ្ឋកិច្ចពិភពលោក

ប្រធានធនាគារកណ្តាលអឺរ៉ុប ព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងរងសម្ពាធប្រកបដោយភាពគ្រោះថ្នាក់ដែលអាចឈានទៅរកមហាវិបត្តិសេដ្ឋកិច្ច


ប្រធានធនាគារកណ្តាលអឺរ៉ុប បានព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងរងសម្ពាធយ៉ាងខ្លាំងប្រកបដោយភាពគ្រោះថ្នាក់ ស្រដៀងគ្នាទៅនឹងសម្ពាធ ដែលបាននាំទៅរកជាតិនិយមផ្នែកសេដ្ឋកិច្ច និងការដួលរលំនៃពាណិជ្ជកម្មពិភពលោកក្នុងទសវត្សរ៍ឆ្នាំ១៩២០ ដែលសម្ពាធនេះអាចរុញច្រានឱ្យពិភពលោកធ្លាក់ចូលទៅក្នុងមហាវិបត្តិសេដ្ឋកិច្ច (Great Depression)។ នេះបើយោងតាការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
សេដ្ឋកិច្ចពិភពលោក
ដោយ

លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានធនាគារកណ្ដាលអឺរ៉ុប បានលើកឡើងកាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញា ថា ពិភពលោកបានជួបប្រទះហើយនូវវិបត្តិកូវីដ-១៩ ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩២០ ជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មាននៅអឺរ៉ុប ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៤០ និងវិបត្តិថាមពលដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក។ លោកស្រីបានបន្ថែមថា ព្រឹត្តិការណ៍ទាំងអស់នេះរួមផ្សំជាមួយបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោកផ្លាស់ប្តូរជារាងរហូត ដែលមិនអាចវិលត្រលប់មកវិញបាន។

នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅឯស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ពីរថ្ងៃបន្ទាប់ពីធនាគារកណ្តាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់០,៥០% ដែលបានធ្វើឱ្យផ្សារហ៊ុនអាម៉េរិក ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ប្រធានធនាគារកណ្ដាលសហភាពអឺរ៉ុបរូបនេះ បានលើកឡើងថា មានស្ថានការណ៍ស្រដៀងគ្នាច្បាស់ណាស់រវាងសម័យកាលទសវត្សរ៍ឆ្នាំ១៩២០ និងទសវត្សរ៍ឆ្នាំ២០២០ ដោយលោកស្រីបានធ្វើការកត់សម្គាល់ពីការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក និងការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសម័យកាលទាំងពីរនេះ។

ជាមួយគ្នានេះ លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) បានកោតសរសើរធនាគារកណ្តាលនានា ចំពោះការកាត់បន្ថយអតិផរណាបានយ៉ាងឆាប់រហ័ស បន្ទាប់ពីការដំឡើងអត្រាការប្រាក់ក្នុងឆ្នាំ២០២២ ក្រោយពីតម្លៃ និងតម្រូវការថាមពលបានហក់ឡើងខ្ពស់បន្ទាប់ពីវិបត្តិកូវីដ-១៩។ លោកស្រីអះអាងថា អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះពី១០,៦% នៅខែតុលា ឆ្នាំ២០២២ មកនៅត្រឹម២,២% នៅខែសីហា ឆ្នាំ២០២៣ ដោយមិនត្រឹមតែមិនបង្កឱ្យបាត់បង់ការងារនោះទេ គឺឱកាសការងារថែមទាំងបានកើនឡើងចំនួន២,៨លានកន្លែងទៀតផង។

ទោះជាយ៉ាងណា លោកស្រីបានគូសបញ្ជាក់ពីបញ្ហាប្រឈមនានា ដូចជាការធ្លាក់ចុះនូវសកលភាវូបនីយកម្ម ឥទ្ធិពលនៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស និងកំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាដើម។

លោកស្រីបានសង្កត់ធ្ងន់ថា ធនាគារកណ្ដាលនានា ចាំបាច់ណាស់ត្រូវរៀនសម្របខ្លួន និងគ្រប់គ្រងស្ថានការណ៍មិនប្រាកដប្រជាឱ្យបានល្អ ហើយថា ធនាគារកណ្ដាលអឺរ៉ុប នឹងដោះស្រាយបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់យុទ្ធសាស្រ្តរបស់ខ្លួនឡើងវិញ ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យវិស័យអាកាសចរណ៍កម្ពុជា មិនទាន់អាចងើបមករកភាពប្រក្រតីឡើងវិញ?

វិស័យអាកាសចរណ៍កម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំនៅក្នុងអំឡុងពេលកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោយប្រទេសជ…

អាម៉េរិក គ្រោងដាក់បម្រាមលើផ្នែករឹង និងទន់ ដែលប្រើសម្រាប់រថយន្តអគ្គិសនីចិន

ក្រសួងពាណិជ្ជកម្មអាម៉េរិក ត្រូវបានគេរំពឹងថា អាចនឹងដាក់បម្រាមលើផ្នែករឹង និងទន់រថយន្តស្វ័យប្រវត្តិរបស់ចិន ដែលបើកលើផ្លូវនៅអាម៉េរិក នៅថ្ងៃចន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ