រាជរដ្ឋាភិបាលនឹងបោះផ្សាយបណ្ណបំណុលតម្លៃ៣០០លានដុល្លារ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងបោះផ្សាយបណ្ណបំណុលតម្លៃ៣០០លានដុល្លារ ដើម្បីកៀរគរទុននៅឆ្នាំនេះ


ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិកនៅឆ្នាំនេះ ដើម្បីបង្កើតប្រភពហិរញ្ញប្បទានថ្មីក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ការបោះផ្សាយនេះ វាក៏នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុថ្មីបន្ថែមសម្រាប់វិនិយោគិនក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរ។ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចរំពឹងថា បណ្ណបំណុលរបស់រដ្ឋនេះនឹងទទួលបានការគាំទ្រច្រើនពីវិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបន្ទុកលើការរៀបចំគោលនយោបាយ និងយន្តការនានាក្នុងការបោះផ្សាយលក់មូលបត្ររបស់រដ្ឋបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងផ្សារមូលបត្រ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ នៅឆ្នាំ២០២២នេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា មូលបត្ររដ្ឋនេះនឹងត្រូវបោះផ្សាយនៅក្នុងខែណាមួយជាក់លាក់នោះទេ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ពីគោលបំណងនៃការបោះផ្សាយលក់មូលបត្របំណុលរដ្ឋនេះថា គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទានថ្មីក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយរងផលប៉ះពាល់យ៉ាងដំណំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ការចូលរួមបង្កើតឧបករណ៍ហិរញ្ញវត្ថុជួញដូរថ្មីក្នុងផ្សារមូលបត្រកម្ពុជាសម្រាប់វិនិយោគិន និងវិនិយោគិនស្ថាប័នរដ្ឋផ្សេងៗ ក៏ស្ថិតក្នុងគោលបំណងនៃការចូលរួមបោះផ្សាយលក់មូលបត្ររដ្ឋនេះដែរ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរំពឹងថា ឧបករណ៍ជួញដូរថ្មីនេះ នឹងទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារមូលបត្រកម្ពុជា។

ពាក់ព័ន្ធការបោះផ្សាយលក់មូលបត្ររដ្ឋនេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការបោះផ្សាយលក់មូលបត្ររដ្ឋនៅអំឡុងខែមិថុនា ឬយ៉ាងយូរនៅខែកក្កដា ខាងមុខនេះ។ ជាមួយគ្នានេះឯកឧត្តមបានចាត់ទុកការចូលរួមបោះផ្សាយលក់សញ្ញាបណ្ណពីរដ្ឋនេះថា វានឹងក្លាយជាផ្នែកមួយជួយផ្តល់ក្តីសង្ឃឹមបន្ថែមទៀតសម្រាប់ផ្សារមូលបត្រកម្ពុជាក្នុងការទាក់ទាញក្រុមហ៊ុនធំៗនៅកម្ពុជាឲ្យចូលរួមបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬបណ្ណបំណុលនៅផ្សារមូលបត្រកម្ពុជា។

នាសន្និសីទជាតិស្តីពីទីផ្សារមូលបត្រក្រោមប្រធានបទ«១ទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ»ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុន ក្នុងនោះ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ នៅឆ្នាំ២០២២ ការជួយដូរភាគហ៊ុននៅកម្ពុជាបានឈានដល់ ១លានដុល្លារក្នុង១ថ្ងៃ ដែលមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០២១ ដែលមានក្នុងរង្វង់ជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ៕

None



អត្ថបទបន្ទាប់


ភោជនីយដ្ឋាន McDonald ដ៏ល្បីរបស់អាមេរិកត្រៀមចាកចេញពីរុស្ស៊ី ដោយប្រកាសលក់ហាងទាំងអស់នៅក្នុងប្រទេសនេះ

ក្រុមហ៊ុនអាហារ Fast Food របស់អាមេរិក McDonald ដែលជាយីហោដ៏ល្បីល្បាញទូទាំងពិភពលោកនោះ បានប្រកាសកាលពីថ្ងៃទី១៦ ឧសភា ថា ខ្លួននឹងចាកចេញពី…

តើសេដ្ឋកិច្ចកម្ពុជាប្រឈមផលប៉ះពាល់អ្វីខ្លះ ប្រសិនបើអាមេរិកមិនបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP?

អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) របស់អាមេរិកផ្ដល់មកឲ្យកម្ពុជា ត្រូវបានអស់សុពលភាព ហើយបានធ្វើឲ្យផលិតផលសម្រាប់ធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ