បើតាមយោធាសហរដ្ឋអាមេរិកកប៉ាល់ដែលមានដោតទង់ជាតិអ៊ីរ៉ង់នោះត្រូវបានរឹបអូសយក នៅពេលដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែBandar Abbas របស់អ៊ីរ៉ង់។ អាម៉េរិក បន្ដបិទខ្ទប់កំពង់ផែទាំងអស់របស់អ៊ីរ៉ង់ មិនឱ្យកប៉ាល់ចេញចូលបានឡើយ ខណៈដែលអ៊ីរ៉ង់វិញ បានបើកច្រកសមុទ្រហ័រម៉ូសបានបន្ដិច ហើយក៏បានបិទវិញ ក្រោយមានភាពតានតឹងជាថ្មីកើតឡើង។
ទីក្រុងតេអេរ៉ង់វិញ បាន ចេញឆ្លើយតបថា នឹងសាងសឹកចំពោះសកម្មភាពរបស់អាម៉េរិកនេះ ព្រមទាំងបាន ទាល់ចោលគម្រោងចូលរួមចរចាជុំទី២ ជាមួយអាម៉េរិក ដែលត្រៀមធ្វើឡើង នៅមុនបទឈប់បាញ់ ផុតសុពលភាព ផងដែរ។
យោធាអ៊ីរ៉ង់ បានអះអាងថា កប៉ាល់របស់ខ្លួនដែលត្រូវបានអាម៉េរិក រឹបអូសយកកាលពីថ្ងៃទី១៩ ខែមេសានោះ បានធ្វើដំណើរ ចេញ ពីប្រទេសចិន ឆ្ពោះមកកាន់កំពង់ផែរបស់ខ្លួន។
អ្នកនាំពាក្យ យោធាម្នាក់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងសូមព្រមានថា កងកម្លាំងប្រដាប់ អាវុធ នៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់នឹងឆ្លើយតប និងសងសឹកប្រឆាំងចោរ សមុទ្រ ប្រដាប់អាវុធ ដែលដឹកនាំ ដោយយោធាអាម៉េរិកក្នុងពេលឆាប់ៗនេះ»។
លោកដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិក កាលពីថ្ងៃទី ១៩ ខែមេសា ក៏បានបញ្ចេញ សារព្រមាន ជាថ្មីទៀត ទៅកាន់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុត បើពុំដូចនោះទេ ទីក្រុងវ៉ាស៊ីនតោន នឹងកម្ទេចចោលទាំងអស់ រាល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំង រោងចក្រ ថាមពល និងស្ពានថ្នល់ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថា ទីក្រុងតេអេរ៉ង់បានបដិសេធការចរចាសន្តិភាពថ្មី ដោយលើកឡើងពីការបិទផ្លូវដែលកំពុងបន្តការគំរាមកំហែងនៃវោហាសាស្ត្រ និងការផ្លាស់ប្តូរជំហរ របស់ទីក្រុងវ៉ាស៊ីនតោន និង «ការទាមទារហួសហេតុ»។
ការបិទផ្លូវដឹកជញ្ជូនដែលកំពុងបន្ដនេះ ត្រូវបានអ្នកជំនាញមើលឃើញថានឹងអាចបន្ដជំរុញឱ្យ តម្លៃប្រេងសកលកើនឡើងខ្ពស់ផងដែរ។