អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានគូសបញ្ជាក់ថា ភាពខុសគ្នានៃសន្ទស្សន៍តម្លៃលំនៅឋាននេះ គឺដោយសារប្រជាពលរដ្ឋមកពីខេត្តផ្សេងៗនាំគ្នាមកប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យតម្លៃនិងត្រូវការលំនៅឋាននៅភ្នំពេញមានហាងឆេងជាងតាមបណ្តាខេត្តមួយចំនួន។ យ៉ាងណាក៏ដោយចុះ ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យសំណង់ និងអចលនទ្រព្យមានកំណើនវិជ្ជមានឡើងវិញជាបណ្ដើរៗហើយ ប៉ុន្តែស្ថិតក្នុងកម្រិតទាបនៅឡើយ។
របាយការណ៍ប្រចាំឆមាសទី១នៃឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ អំពីការប្រែប្រួលនៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ ក្នុងនោះ បើតាមធនាគារជាតិ សន្ទស្សន៍តម្លៃលំនៅឋានពុំមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ដោយតម្លៃលំនៅឋាននៅរាជធានីភ្នំពេញត្រូវបានធនាគារជាតិប៉ាន់ស្មានថា មានកំណើន៣,៥%។ សម្រាប់ធនាគារជាតិការកើនឡើងនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា លំនៅឋាន ពិសេសលំនៅឋានមានតម្លៃទាប និងមធ្យមនៅតែមានតម្រូវការទោះបីកម្ពុជាស្ថិតក្នុងបរិបទកូវីដ-១៩ និងរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
ផ្ទុយទៅវិញតម្លៃលំនៅឋាននៅតាមបណ្តាខេត្តនាន ត្រូវបានធនាគារជាតិនៃកម្ពុជាប៉ាន់ស្មានថា មានការធ្លាក់ចុះ៤,៣% ដែលទំនោរថយចុះនេះបានកើតមានឡើងចាប់ពីខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះ។ ប៉ុន្តែធ្លាក់ចុះនេះបានរើបឡើងបន្តិចវិញហើយនៅឆមាសទី១ឆ្នាំ២០២២ នេះ។ បើតាមការវាយតម្លៃធនាគារជាតិនៃកម្ពុជា សកម្មភាពលក់លំនៅឋានប្រភេទផ្ទះល្វែង វីឡាភ្លោះ និងទោលមានការកើនឡើងប្រមាណ១២,៥% ខណៈការលក់ខុនដូបន្តធ្លាក់ចុះ៤៤%នៅឆមាសទី១ឆ្នាំនេះ។ តើមានកត្តាអ្វីខ្លះជំរុញសន្ទស្សន៍តម្លៃលំនៅឋាននៅភ្នំពេញ និងតាមបណ្តាខេត្តមានការខុសគ្នាបែបនេះ?
ពាក់ព័ន្ធបញ្ហានេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ភ័ញធើ បានពន្យល់ថា ភាពខុសគ្នានៃសន្ទស្សន៍តម្លៃលំនៅឋានរវាងភ្នំពេញ និងតាមបណ្តាខេត្តនេះ គឺដោយសាររាជធានីភ្នំពេញជាតំបន់ពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា និងប្រមូលផ្តុំការរស់នៅរបស់ប្រជាពលរដ្ឋមកពីខេត្តនានា ដែលធ្វើឲ្យតម្រូវការ និងតម្លៃលំនៅឋាននៅតំបន់នេះនៅតែមានហាងឆេង ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។ ដោយឡែក នៅតាមបណ្តាខេត្តពុំសូវមានការបំលាស់ទីរបស់ប្រជាពលរដ្ឋនោះទេ ដែលកត្តានេះធ្វើឲ្យតម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនោះផ្ទាល់នៅមានកម្រិត។
ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ និងរងឥទ្ធិពលអវិជ្ជមានពីភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាក្តី តែតម្លៃលំនៅឋាន ក៏ដូចជាអចលចនទ្រព្យនៅកម្ពុជាពុំមានការធ្លាក់ចុះ ឬប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែលើកលែងខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុជាដើម ដែលពីមុនតម្លៃអចលនទ្រព្យបានហក់ឡើងខ្ពស់ តែបច្ចុប្បន្នហាក់មានការថមថយបន្តិច។ អ្នកជំនួញអចលនទ្រព្យចាស់វស្សារូបនេះអះអាងដែរថា ការទិញលក់អលនទ្រព្យនៅតែមានទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ-១៩ ក៏ដោយ។ តែការទិញនេះភាគច្រើនធ្វើឡើងតែក្នុងក្របខណ្ឌក្នុងស្រុកប៉ុណ្ណោះ។
ដោយឡែក លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex យល់ឃើញថា ការកើនឡើងសន្ទស្សន៍តម្លៃលំនៅឋាននៅរាជធានីភ្នំពេញក្នុងកម្រិតជាង៣% ជាកំណើនទាបនៅឡើយបើធៀបនឹងតម្លៃកាលពីឆ្នាំមុនៗ ដែលជាធម្យមតម្លៃលំនៅឋានអាចមានកំណើនចន្លោះពី៧%ទៅ៨%ក្នុង១ឆ្នាំ។ ការធ្លាក់ចុះនេះត្រូវបានលោកស្រីអះអាងថា គឺបណ្តាលមកពីការធ្លាក់ចុះគម្រោងវិនិយោគថ្មីៗ និងតម្រូវការលំនៅឋាននាមួយរយៈចុងក្រោយនេះ។ សម្រាប់ លោកស្រី ឆ្នាំ២០២២ អាចចាត់ទុកជាឆ្នាំដែលវិស័យអចលនទ្រព្យរងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះឆ្នាំនេះមិនត្រឹមតែប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩ នោះទេ តែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏ជះឥទ្ធិពលអវិជ្ជមានមកលើវិស័យអចលនទ្រព្យផងដែរ។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា វិស័យសំណង់ទទួលបានកំណើនវិជ្ជមានឡើងវិញហើយ ប៉ុន្តែ ស្ថិតក្នុងកម្រិតទាបនៅឡើយ ដែលកំណើននេះត្រូវបានគាំទ្រដោយលំហូរវិនិយោគបរទេស កំណើនឥណទានទៅកាន់វិស័យសំណង់ និងការកើនឡើងវិញនៃប្រាក់ចំណូលក្នុងស្រុក។ តម្លៃនៃការនាំចូលសម្ភារនិងបរិក្ខារសំណង់ ដែលជាសូចនាករមួយឆ្លុះបញ្ចាំងពីស្ថានភាពវិស័យសំណង់ ត្រូវបានប៉ាន់ស្មានថា កើនឡើង១០,៦%។ ប៉ុន្តែចំពោះគម្រោងសាងសង់ដែលទទួលបានការអនុម័តបានបង្ហាញថា តម្លៃផ្ទៃក្រឡា និងចំនួនម្រោងសំណង់ថ្មី បន្តកំណើនអវិជ្ជមាន ជាពិសេសចំនួនគម្រោងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍តែម្តង ក្នុងនោះគម្រោងអគារពាណិជ្ជកម្មធ្លាក់ចុះ៣៣,៥% អគារឧស្សាហកម្មថយចុះជិត៣៣% និងទេសចរណ៍ធ្លាក់ចុះជិត២២%៕