សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សំណើដែលធ្វើឡើងដោយប្រទេសបារ៉ែន ជប៉ុន ប៉ាណាម៉ា សិង្ហបុរី និងអារ៉ាប់រួម និងទទួលបានការគាំទ្រដោយសហរដ្ឋអាម៉េរិកនេះ ត្រូវបានដាក់ចូលទៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលអង្គការសមុទ្រអន្តរជាតិ (IMO) របស់អង្គការសហប្រជាជាតិ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៨ ខែមីនា ដោយបានអំពាវនាវឱ្យមានក្របខណ្ឌច្រករបៀងសមុទ្រដែលមានសុវត្ថិភាពមួយ ក្នុងគោលបំណងសម្រួលដល់ការជម្លៀសនាវាដឹកទំនិញដោយសុវត្ថិភាព និងការពារជីវិតក្រុមនាវិក។
អគ្គលេខាធិការក្រុមប្រឹក្សាភិបាលអង្គការសមុទ្រអន្តរជាតិ លោក អាសេនីអូ ដូមីនហ្គេស (Arsenio Dominguez) បានអះអាងថា យ៉ាងហោចណាស់មាននាវិករបស់នាវាពាណិជ្ជកម្មចំនួន៧នាក់ត្រូវបានសម្លាប់រួចទៅហើយ ដោយសារតែជម្លោះនេះ។ លោកបានសង្កត់ធ្ងន់ថា ពួកគេមិនត្រូវក្លាយជាជនរងគ្រោះ នៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ដែលកាន់តែរីកធំឡើងៗនោះទេ។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង ដើម្បីអនុញ្ញាតឱ្យក្រុមនាវិកអាចចាកចេញពីឈូងសមុទ្របានដោយសុវត្ថិភាព។
លោក ម៉ាក រុតតេ (Mark Rutte) អគ្គលេខាធិការអង្គការណាតូ ក៏បានថ្លែងកាលពីថ្ងៃទី១៨ ខែមីនា ដែរថា ប្រទេសសមាជិកអង្គការណាតូ កំពុងពិចារណាពីអ្វីដែលអាចធ្វើបាន ខណៈលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានស្នើឱ្យប្រទេសនានាជួយពិនិត្យមើលច្រកសមុទ្រ ដើម្បីអនុញ្ញាតឱ្យនាវាដឹកប្រេង និងនាវាផ្សេងៗទៀតអាចឆ្លងកាត់បាន។
យ៉ាងណាមិញ អ៊ីរ៉ង់ បានបញ្ជាក់នៅក្នុងលិខិតដាក់ជូន IMO ថា អាជ្ញាធរអ៊ីរ៉ង់ នៅតែបន្តផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រដល់ក្រុមនាវិក និងនាវានៅក្នុងឈូងសមុទ្រ និងច្រកសមុទ្រជាបន្តបន្ទាប់៕
អត្ថបទៈ សួន ឡង់ទី