នាព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាមានព្រះរាជបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបានក្នុងរយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ កម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ ដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានធ្វើ ឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន។
ជាមួយគ្នានេះ ព្រះករុណាព្រះមហាក្សត្របានចាត់ទុកសមិទ្ធផលធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តដឹកនាំកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។
អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ