ការចរចាសន្តិភាព

លោក ត្រាំ ប្រកាសលុបចោលបការចរចានៅប៉ាគីស្ថាន ខណៈអ៊ីរ៉ង់ដាក់ប្រទេសក្នុងការប្រុងប្រយ័ត្នខ្ពស់


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចលុបចោលដំណើរចរចាសន្តិភាពរបស់បេសកជនពិសេសរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៥ ខែមេសា ដែលធ្វើឱ្យក្តីសង្ឃឹមក្នុងការពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ារសាត់បាត់តាមខ្យល់។ លោក ត្រាំ បានអះអាងថា ការសម្រេចចិត្តនេះដោយសារតែគ្មានចំណុចឯកភាពគ្នា ប៉ុន្តែលោកបានព្រមានថា ការវាយប្រហារយោធាលើអ៊ីរ៉ង់នៅតែជាជម្រើស ដែលត្រូវបន្តគ្រាន់តែមិនទាន់ដល់ពេលប្រញាប់។
ការចរចាសន្តិភាព
ដោយ

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា មូលហេតុដែលលោកសម្រេចលុបចោលបេសកកម្មចរចាសន្តិភាពជាមួយអ៊ីរ៉ង់ គឺដោយសារតែទីក្រុងតេអេរ៉ង់មិនបានបង្ហាញសញ្ញាវិជ្ជមានណាមួយចំពោះលក្ខខណ្ឌ ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ។ បើតាមការបញ្ជាក់របស់សេតវិមាន កូនប្រសាររបស់លោក ត្រាំ គឺលោក ចារ៉េត ឃូស្ន័រ (Jared Kushner) និងបេសកជនពិសេសលោក ស្ទីវ វីតខូហ្វ (Steve Witkoff) ដើមឡើយត្រូវធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជួបចរចាជាមួយភាគីអ៊ីរ៉ង់ក្នុងបំណងស្វែងរកកិច្ចព្រមព្រៀងថ្មីមួយ ប៉ុន្តែត្រូវបានលោក ត្រាំ បញ្ជាឱ្យផ្អាកទាំងកណ្ដាលទី។

ទោះជាយ៉ាងណា លោក ត្រាំ បានសង្កត់ធ្ងន់ថា អាម៉េរិកមិនបានបិទផ្លូវចរចាជាមួយទីក្រុងតេអេរ៉ង់នោះឡើយ ពោលគឺអាម៉េរិកនៅតែរក្សាការបើកចំហរទាក់ទងតាមទូរសព្ទគ្រប់ពេល ដែលពួកគេចង់ ប៉ុន្តែវាមិនចាំបាច់ឡើយ ដែលបេសកជនរបស់អាម៉េរិកត្រូវចំណាយពេល១៨ម៉ោងជិះយន្តហោះទៅអង្គុយនិយាយរឿងដែលគ្មានប្រយោជន៍។

នៅពេលអ្នកសារព័ត៌មានសួរថា តើនេះជាការវិលត្រឡប់ទៅរកអរិភាពសង្គ្រាមពេញទំហឹងឬយ៉ាងណា? លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា ទេវាមិនទាន់មានន័យដូច្នោះទេ ហើយអាម៉េរិកមិនទាន់បានគិតដល់រឿងប្រញ៉ាប់វាយប្រហារវានៅឡើយទេ។

ជាមួយគ្នានេះ មុនមានការប្រកាសលុបចោលពីលោក ត្រាំ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាជី (Abbas Araghchi) បានធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ រួចជាស្រេច។ លោកបានជួបពិភាក្សាជាមួយមេបញ្ជាការយោធាប៉ាគីស្ថានលោក អាស៊ីម ម៉ូនៀ (Asim Munir) រួមទាំងនាយករដ្ឋមន្ត្រីលោក សាបាស សារីហ្វ (Shehbaz Sharif) ដើម្បីស្វែងរកការសម្របសម្រួល។

ជាមួយគ្នានេះ នៅទីក្រុងតេអេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូត ប៉េហ្សេខេន (Masoud Pezeshkian) បានចេញមុខអំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន និងសន្សំសំចៃអគ្គិសនីជាបន្ទាន់។ លោកបានព្រមានថា ទោះបីជាបច្ចុប្បន្នថាមពលមិនទាន់ខ្វះខាតខ្លាំង ប៉ុន្តែការត្រៀមលក្ខណៈ គឺចាំបាច់បំផុត ព្រោះអាម៉េរិក និងអ៊ីស្រាអែលនៅតែមានគោលបំណងសាបព្រោះអំពើវិនាសសកម្មលើប្រទេសអ៊ីរ៉ង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួ រ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅខេត្តសៀមរាប

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម ក្នុងព្រឹត្តិការណ៍ "ទិវាធានារ៉ាប់រងកម្ពុជា ២០២៦" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ …

ព្រលឹងចុងសក់! លោក ត្រាំ ត្រូវបានភ្នាក់ងារសម្ងាត់ក្រៀកចេញពីវេទិកាបន្ទាន់ ក្រោយខ្មាន់កាំភ្លើងផ្ទុះអាវុធកណ្ដាលពិធីជប់លៀង

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានក្រុមភ្នាក់ងារសម្ងាត់ក្រៀកនាំចេញពីពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានភ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ