វិស័យពន្ធដារ

ថ្នាក់ដឹកនាំគណបក្សភូមិចៃថៃ គ្មានផែនការដំឡើងពន្ធលើតម្លៃបន្ថែមឱ្យដល់១០%នោះទេ


ថ្នាក់ដឹកនាំគណបក្សភូមិចៃថៃ (Bhumjaithai) បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ខ្លួននឹងមិនមានគោលការណ៍ដំឡើងអត្រាពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់១០% ក្នុងកំឡុងពេល៣ឆ្នាំខាងមុខឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការបារម្ភរបស់សាធារណជន និងសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតរបស់បក្សនៅពេលនេះ គឺការស្តារជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យរស់ឡើងវិញ។
វិស័យពន្ធដារ
ដោយ

លោក ស៊ិរិផុង អាំងកាសាគុលកៀត (Siripong Angkasakulkiat) អនុប្រធានគណបក្សភូមិចៃថៃ បានផ្ដល់ការសន្យាមិនដំឡើងពន្ធអាករលើតម្លៃបន្ថែមឱ្យដល់១០% កាលពីថ្ងៃទី២៣ ខែកុម្ភៈ គឺដើម្បីឆ្លើយតបនឹងសំណើមួយរបស់អនុគណៈកម្មាធិការព្រឹទ្ធសភាផ្នែកសេដ្ឋកិច្ច រូបិយប័ណ្ណ និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ លោក ស៊ិរិផុង បានច្រានចោលការព្រួយបារម្ភរបស់សាធារណជនអំពីការដំឡើងពន្ធលើតម្លៃបន្ថែមនេះ ដោយបានថ្លែងថា រដ្ឋាភិបាលមិនមានផែនការដំឡើងពន្ធនេះក្នុងរយៈពេលខ្លីនោះទេ។

លោកបានសង្កត់ធ្ងន់ថា រឿងសំខាន់ដំបូងគេដែលត្រូវធ្វើ គឺការស្តារសេដ្ឋកិច្ចឡើងវិញ មិនមែនជាការបង្កើនបន្ទុកដល់ប្រជាជនតាមរយៈការដំឡើងពន្ធលើតម្លៃបន្ថែមនោះទេ។ ការពិចារណាលើគោលនយោបាយពន្ធដារ អាចកើតឡើងទៅបាន លុះត្រាតែប្រជាជនមានស្ថិរភាពសេដ្ឋកិច្ចល្អប្រសើរជាមុនសិន។

ទោះជាយ៉ាងណាលោកស្រី ឆាយ៉ាណាត ទីយ៉ាត្រាកានឆៃ (Chayanant Tiyatrakarnchai) ប្រធានអនុគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុបានព្រមានថា រដ្ឋាភិបាលថ្មីនឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗចំនួន៣រួមមានការកើនឡើងនៃបំណុលគ្រួសារ និងបំណុលសាធារណៈ, បញ្ហាឱនភាពថវិកាជាតិ និងការចំណាយខ្ពស់លើការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង។

ចំណែកលោក វ៉ារីធ ភិភីតផូចាណាកាន (Varith Pipitpojanakarn) លេខាធិការនៃអនុគណៈកម្មាធិការបានព្យាករថា ទស្សនវិស័យហិរញ្ញវត្ថុរបស់ថៃ អាចនឹងអាប់អួរ ដោយសារឱនភាពថវិកាអាចឡើងដល់៤,៤% ខណៈបំណុលសាធារណៈអាចនឹងហក់ឡើងជិត៧០% នៅឆ្នាំ២០២៨ ដែលជាកម្រិតនៃវិបត្តិ។

គួររំលឹកថា កាលពីសប្តាហ៍មុន អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pisit Lee-artham បានស្នើឱ្យមានការដំឡើងពន្ធលើតម្លៃបន្ថែមពី៧%ទៅ១០%។ លោកបានវាយតម្លៃថា ការដំឡើងនេះនឹងជួយឱ្យរដ្ឋទទួលបានចំណូលបន្ថែមប្រមាណ៤០០ ពាន់លានបាត ដែលអាចយកទៅប្រើប្រាស់ក្នុងកម្មវិធីសុខុមាលភាពសម្រាប់សង្គមមនុស្សចាស់ និងជំរុញកំណើនសេដ្ឋកិច្ច។

តែគណបក្សភូមិចៃថៃ ដែលជាអ្នកដឹកនាំរដ្ឋាភិបាលថ្មី បានសម្រេចចិត្តទាត់ចោលសំណើនោះ ដើម្បីកាត់បន្ថយសម្ពាធលើការចំណាយប្រចាំថ្ងៃរបស់ប្រជាជនថៃ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន ចំនួន៥ ត្រៀមបោះទុនជាង៣០០លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់មនុស្សយន្តនៅថៃ

ក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានសម្រេចអនុម័តគម្រោងវិនិយោគតម្លៃជាង៣០០លានដុល្លាររបស់ក្រុមហ៊ុនខ្នាតយក្សរបស់ចិន ចំនួន៥ ដើម្បីបង្កើតមូលដ្ឋានផល…

មួយញញួររបស់តុលាការកំពូលអាម៉េរិក ធ្វើឱ្យរញ្ជួយចរន្តវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់អាម៉េរិក

ការសម្រេចចុងក្រោយរបស់តុលាការកំពូលសហរដ្ឋអាម៉េរិក លើបញ្ហាពន្ធបដិការ បានរុញច្រានយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ឱ្យធ្លាក់ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ