ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ«លើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់» ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការ និងសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដែលសម្រេចបានគួរជាទីមោទននៅក្នុងឆ្នាំ២០២៣ កន្លងទៅ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ជំរុញឱ្យសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ទាំងអស់បន្តការខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ក៏ដូចជាណែនាំឱ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈ និងគោលការណ៍ច្បាប់ និងគុណភាពការងារ ដើម្បីលើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ឱ្យកាន់តែល្អប្រសើរ។
លើសពីនេះ ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តិ និងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការ ពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌»។
ការណែនាំ និង ជំរុញបែបនេះ ក៏ដោយសារតែ ឯកឧត្តម វង្សី វិស្សុត ចង់ធ្វើឱ្យស្ថាប័នក្រុមប្រឹក្សាអ្នកច្បាប់មានសមត្ថភាពខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និង ក្រសួង ស្ថាប័នជាតិ និង អន្តរជាតិ។ ជាពិសេស ចង់ធ្វើឱ្យស្ថាប័ននេះ ក្លាយជាស្ថាប័នដែលមានប្រតិបត្តិការជាអចិន្ត្រៃយ៍ ដើរតួនាទីជាសេនាធិការឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។
គិតមកទល់ពេលនេះមានរយៈពេល៣០ឆ្នាំហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបានបង្កើតឡើង ដូច្នេះរាល់ការរីកចម្រើនក្នុងវិស័យច្បាប់ និង វិស័យផ្សេងៗ ប្រាកដណាស់នឹងមានការចូលរួមចំណែកក្នុងកម្រិតណាមួយពីក្រុមប្រឹក្សាអ្នកច្បាប់។
បើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្ថែមពីលើក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងបង្កើតគណៈកម្មការកែទម្រង់ប្រព័ន្ធច្បាប់ចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រីមួយបន្ថែមទៀត ដើម្បីរួមចំណែកជួយជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា គណៈកម្មការនេះមានតួនាទីជាអ្នកគូសវាសនូវផែនទី ក្នុងការរៀបចំ និងគ្រប់គ្រងប្រព័ន្ធច្បាប់នៅកម្ពុជា ដែលគ្របដណ្តប់ទាំងការតាក់តែងច្បាប់ ការត្រួតពិនិត្យ ការអនុវត្ត ការផ្សព្វផ្សាយ និង តាមដានវាយតម្លៃ ជាដើម៕