ម៉ាល់ឌីវ ដែលជាប្រទេសដែនកោះដ៏តូចមួយជាមួយប្រជាជនសរុបត្រឹមតែជាងកន្លះលាននាក់ កំពុងជួបវិបត្តិបំណុលដែលកំពុងកើនឡើងដល់កម្រិតប្រកាសអាសន្ន ហើយពេលនេះកំពុងងាកទៅពឹងប្រទេសឥណ្ឌា ដើម្បីបញ្ចៀសការខកខានទូទាត់បំណុលតាមពេលវេលាកំណត់។ ស្របពេលប្រទេសម៉ាល់ឌីវ ប្រឈមនឹងការខកខានទូទាត់បំណុលតាមពេលវេលាកំណត់ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត មូអ៊ីហ្ស៊ូ (Mohamed Muizzu) ប្រឈមនឹងឧបសគ្គធំៗចំនួន២ រួមមាន ការដោះស្រាយបញ្ហាបំណុល និងការលំបាកក្នុងការរក្សាតុល្យភាពទំនាក់ទំនងជាមួយចិន និងឥណ្ឌា ដែលសុទ្ធតែជាម្ចាស់បំណុលធំរបស់ខ្លួន។
គិតត្រឹមខែសីហា ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិសរុបរបស់ប្រទេសម៉ាល់ឌីវ មានត្រឹមតែ៤៣៧លានដុល្លារអាម៉េរិក ដែលអាចទូទាត់ថ្លៃទំនិញនាំចូលបានប្រហែលមួយខែកន្លះប៉ុណ្ណោះ។ យោងតាមការព្យាករបានបង្ហាញថា ប្រទេសនេះនឹងត្រូវទូទាត់បំណុលយ៉ាងច្រើនរួមទាំងការប្រាក់បូកជាមួយប្រាក់ដើមចន្លោះពី៦០០ ទៅ៧០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ និងលើសពី១ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៦។ ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសដែនកោះម៉ាល់ឌីវ ជំពាក់បំណុលប្រទេសចិន រហូតដល់ទៅប្រមាណ១,៣ពាន់លានដុល្លារអាម៉េរិក និងប្រទេសឥណ្ឌាប្រមាណ១៣០លានដុល្លារអាម៉េរិក។
ដើម្បីដោះស្រាយបញ្ហាបំណុលរុំកោះនេះ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត មូអ៊ីហ្ស៊ូ (Mohamed Muizzu) បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅក្រុងញូវដេលី កាលពីថ្ងៃទី៧ ខែតុលា ដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុ ខណៈដែលប្រទេសនេះប្រឈមនឹងការខកខានទូទាត់ថ្លៃសញ្ញាបណ្ណ ឬមូលបត្របំណុលចំនួន២៥លានដុល្លារអាម៉េរិក។ ជាការឆ្លើយតប ប្រទេសឥណ្ឌា បានព្រមព្រៀងដោះដូររូបិយប័ណ្ណចំនួន៤០០លានដុល្លារអាម៉េរិក ដើម្បីជួយដោះទាល់ប្រទេសម៉ាល់ឌីវមួយគ្រា។
សូមបញ្ជាក់ថា ប្រទេសម៉ាល់ឌីវ ដែលមានភូមិសាស្ត្រ ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ពោលគឺមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងឥណ្ឌា មានផ្ទៃដីត្រឹមតែ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ និងមានដែនកោះជិត១.២០០ ដែលក្នុងនោះភាគច្រើនជាដែនកោះគ្មានមនុស្សរស់នៅ៕
ដោយ: តែម សុខុម