ភាពជោគជ័យរបស់ ហ្គេម PUBG ត្រូវបានគេដឹងថា គឺមានបុរសដ៏សំខាន់ម្នាក់នៅពីក្រោយ នោះគឺលោក Kim Chang-han ដែលបច្ចុប្បន្ន ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតហ្គេមដ៏ល្បីនេះ។ ប៉ុន្ដែ មុននឹងអាចទទួលបានជោគជ័យដូចពេលនេះ លោកធ្លាប់បរាជ័យលើការបង្កើតហ្គេមជាច្រើនផងដែរ។
នៅក្នុងឆ្នាំ២០១៤ លោក Kim Chang-han បានកាត់បន្ថយបុគ្គលិក១ភាគ៣ នៅក្នុងក្រុមហ៊ុនបង្កើតហ្គេមរបស់លោក ដោយសារតែតាំងពី ២០០០មក អាជីវកម្មផលិតហ្គេមរបស់លោកមានការធ្លាក់ចុះខ្លាំង។
បុរសជនជាតិកូរ៉េខាងត្បូងវ័យ ៤៦ឆ្នាំរូបនេះ បាននិយាយថា «នៅអំឡុងពេលនោះ គឺជាពេលវេលាដ៏ខ្មៅងងឹតមួយក្នុងជីវិតរបស់លោក។ លុះក្រោយមក លោក Kim បានសម្រេចចិត្តលក់ក្រុមហ៊ុនផលិតហ្គេមរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនមួយដែលមានឈ្មោះថា Krafton Inc ហើយលោកក៏នៅតែចូលរួមជាមួយក្រុមហ៊ុននេះ ក្នុងតំណែងជាប្រធានផលិតករ។
លុះក្រោយមក ក្រុមហ៊ុន Krafton ឬហៅថា Bluehole Inc បានបង្កើតនូវហ្គេម PUBG ឡើងនៅក្នុងឆ្នាំ២០១៧ ហើយវាបានក្លាយជាហ្គេមមួយ ដែលទទួលបានជោគជ័យខ្លាំងបំផុត ដោយមានការលក់សម្រាប់ការលេងលើកុំព្យូទ័របានជាង ៧០លានកូពី និងមានការដោនឡូដសម្រាប់លេងនៅលើទូរស័ព្ទដល់ទៅប្រមាណ ៦០០លានដង។
កាលពីឆ្នាំ២០២០ លោក Kim បានឡើងតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Krafton ខណៈបច្ចុប្បន្នក្រុមហ៊ុនផលិតហ្គេម PUBG មួយនេះ កំពុងមានផែនការ បោះផ្សាយលក់ភាគហ៊ុន នៅក្នុងឆមាសទី២ ឆ្នាំ២០២១ ដែលអាចជាការបោះផ្សាយ IPO ធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំនេះ។ ការលក់ចំណែកភាគហ៊ុន អាចនឹងកើនឡើងដល់ពាន់លានដុល្លារផងដែរ។ តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនឈ្មួញជើងសារ បានឲ្យដឹងថា ការបោះផ្សាយ IPO របស់ក្រុមហ៊ុនផលិតហ្គេម PUBG អាចនឹងមានតម្លៃជាង ២៧ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនផលិតហ្គេម PUBG រកចំណូលបានជាង ១ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ខែឆ្នាំ២០២០។
ប្រទេសកូរ៉េខាងត្បូង មានផែនការនឹងបង្កើនការបោះផ្សាយ IPO ឲ្យបានច្រើនជាង ១២០ IPO នៅក្នុងឆ្នាំ២០២១ ដោយរំពឹងនឹងប្រមូលដើមទុនប្រមាណ ១១ពាន់លានដុល្លារពីទីផ្សារ។ ការបោះផ្សាយ IPO ធំបំផុតធ្លាប់មាននៅកូរ៉េខាងត្បូង គឺជាការបោះផ្សាយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung នៅក្នុងឆ្នាំ២០១០ ដែលមានតម្លៃ ៤ពាន់៣រយលានដុល្លារអាមេរិក៕