លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការអបអរសាទរ និងគាំទ្រចំពោះការប្រកាសឱ្យរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ឡើងវិញរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អ្នកជំនាញរូបនេះបានចាត់ទុកកម្មវិធីប្រឡងនេះ គឺជាកត្តាជំរុញមួយដ៏សំខាន់ធ្វើឱ្យសិស្សានុសិស្សមានកម្លាំងចិត្ត និងខិតខំរៀនសូត្រ។
ជាមួយគ្នានេះលោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជាអប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ទោះបីជាការប្រឡងមានភាពរអាក់រអួល ក៏ប៉ុន្តែការសម្រេចឱ្យរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញនេះ វាជារឿងមួយល្អសម្រាប់វិស័យអប់រំ។ បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ការប្រឡងនេះវាជាចំណែកមួយជួយលើកទឹកចិត្តឱ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ហើយវាក៏ជាការវ៉ាស់វែងចំណេះដឹងរបស់សិស្សានុសិស្សផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក នី វណ្ណាត អតីតសិស្សធ្លាប់ប្រឡងសិស្សពូកែទទួលបានមេដាយមាសទូទាំងប្រទេសកាលពីឆ្នាំ២០១១ ផ្នែករូបវិទ្យា បានបង្ហាញការគាំទ្រ និងបានចាត់ទុកការប្រកាសឱ្យរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញនេះវាជារឿងល្អមួយសម្រាប់វិស័យអប់រំ។
ដោយឡែកលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការសម្រេចឱ្យបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឡើងវិញនេះ ធ្វើឡើងក្រោយក្រសួងទទួលបានសំណើមួយចំនួនពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់សិទ្ធិឱ្យរាជធានី ខេត្ត រៀបចំប្រឡងដោយខ្លួនឯង។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការផ្អាករៀបចំនេះ គឺដើម្បីយកពេលទៅគិតគូរលើការងារអាទិភាពមួយចំនួន ជាពិសេសការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ៕
អត្ថបទ៖ ជា ម៉ារ៉ា