នាសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ជាទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបក្នុងរង្វង់២%។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំធនាគារជាតិរូបនេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្តងើបឡើងលឿននៃវិស័យទេសចរណ៍ និងវិស័យផ្សេងៗ ស្របពេលកម្ពុជារំពឹង ការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសផ្សេងៗ ដែលអាចជួយទាក់ទាញលំហូរវិនិយោគចូលមកកម្ពុជាបន្ថែមទៀត។
ទោះយ៉ាងណាលោកជំទាវ ជា សិរី យល់ឃើញថា សេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យសក្តានុពលចម្បងៗដែលមានប្រភពមកពីខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច និងការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ។ ហានិភ័យដែលសេដ្ឋកិច្ចកម្ពុជាអាចនឹងប្រឈមនោះ រួមមាន ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា បញ្ហាចាក់ស្រេសដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងការកើនឡើងអត្រាការប្រាក់កម្ចី ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។
ទន្ទឹមនឹងនេះ ហានិភ័យសក្តានុពលខាងក្នុងដែលអាចកើតមានឡើងក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវយកចិត្តទុកដាក់ និង តាមដានឲ្យបានខ្ពស់ផងដែរ ដ្បិតថានៅក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ មុនពេលមានវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជាបានធ្វើឱ្យតម្រូវការក្នុងវិស័យនេះ ធ្លាក់ចុះជាលំដាប់។ ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យផ្សេងៗទៀត។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានកំណើនយឺតត្រឹម ៣,៤% ដោយសារបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អតិផរណាខ្ពស់ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រសើរជាងមុនក្នុងអត្រា៥,២% នៅឆ្នាំ២០២២ ដែលត្រូវបានគាំទ្រដោយកំណើននៃការនាំចេញ ការត្រឡប់មករកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការងើបឡើងលឿននៃវិស័យទេសចរណ៍។ ចំណែកអត្រាអតិផរណាបានកើនដល់ ៥,៤% ជាចម្បងដោយសារកត្តាខាងក្រៅ គួបផ្សំនឹងកំណើនតម្រូវការក្នុងស្រុក បន្ទាប់ពីងើបឡើងវិញពីវិបត្តិកូវីដ-១៩ ដែលបានរួមចំណែកបង្កើនថ្លៃទំនិញនិងសេវា។
គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាព ស្ថិរភាព ហិរញ្ញវត្ថុឆ្នាំ២០២២ គឺដើម្បីបង្ហាញពីការវិភាគហានិភ័យសក្ដានុពល ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជន ឱ្យកាន់តែទូលំទូលាយអំពីវឌ្ឍនភាព និងការអនុវត្តគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ និងទស្សនវិស័យចំពោះស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា៕