ការនាំចេញរបស់កម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថាវីរុសបំប្លែងថ្មី អូមីក្រុង នឹងមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាឡើយ


មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក បង្កើនការព្រួយបារម្ភព្រោះតែសមត្ថភាពនៃការចម្លងលឿនជាងមេរោគកូវីដ១៩ធម្មតា ដែលអាចនឹងជះឥទ្ធិពលអវិជ្ជមានលើដំណើរការនៃការស្ដារឡើងវិញនៃសេដ្ឋកិច្ចសាកល។
ទូរកុងតឺន័រដាក់ទំនិញ​ នៅកំពង់ផែស្វយ័តភ្នំពេញ

ដ្បិត មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង កំពុង​បង្ក​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​សម្រាប់​មនុស្សជាតិ ក៏​ដោយ​ចុះ តែ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​អះអាង​ថា វត្តមាន​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា នោះ​ទេ ខណៈ​កម្ពុជា កំពុង​ជំរុញ​ការ​នាំ​ចេញ​ជា​បន្តបន្ទាប់ ពិសេស​ផលិតផល​កសិកម្ម តែ​ម្ដង​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា ខណៈ​ដែល​ពិភពលោក​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​១៩ វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ក៏​រង​ផល​ប៉ះពាល់​បន្តិច​ដែរ តែ​មិន​បាន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ និង​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​នាំ​ចេញ​នោះ​ទេ​។ អ្នកនាំពាក្យ​រូប​នេះ បាន​បន្ត​ថា ពិត​ណាស់ ថ្មី​ៗ​ពិភពលោក​កំពុង​មានការ​ព្រួយបារម្ភ​ពី​វត្តមាន របស់​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង តែ​ជុំវិញ​ការ​នាំ​ចេញ​របស់​កម្ពុជា ហាក់​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ពេក​នោះ​ទេ​។ ការ​មិន​ព្រួយបារម្ភ​ខ្លាំង ក៏​ព្រោះតែ​ប្រជាជន​កម្ពុជា កាន់តែ​មានការ​យល់​ដឹង​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​នូវ​ជំងឺ​កូ​វី​ដ​១៩ គួប​ផ្សំ​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រជាជន​កម្ពុជា ផង​ដែរ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម ប៉ែន សុ​វិជាតិ​។

ជុំវិញ​ស្ថានភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នា​ពេល​ពេល​បច្ចុប្បន្ន ត្រូវ​បាន ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​គូសបញ្ជាក់​ថា នៅ​តែ​មាន​សញ្ញាណ​វិជ្ជមាន បើ​ទោះ​កន្លង​មក កម្ពុជា ជួប​ផលវិបាក ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន តែ​បញ្ហា​នេះ​មិន​អាច​បង្អាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ឡើយ ខណៈ​បច្ចុប្បន្ន កម្ពុជា ក៏​កំពុង​ដុតដៃដុតជើង​ដើម្បី​នាំ​ចេញ​ផលិតផល​ជា​បន្តបន្ទាប់​។ បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ បន្ទាប់​ពី​មានការ​បើកភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ប្រទេស​ចិន ឱ្យ​កម្ពុជា នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន និង​ត្រី​ប្រា ទៅ​ទីផ្សារ​ចិន​ផ្ទាល់ ភាគី​ចិន​បាន​និង​កំពុង​ជំរុញ​ឱ្យ​កម្ពុជា បង្កើន​ការ​ត្រួតពិនិត្យ​លើ​លក្ខខណ្ឌ​ភូតគាម​អនាម័យ ដើម្បី​ព​ន្លឿ​ន​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន​ឱ្យ​កាន់តែ​ឆាប់​។ មន្ត្រីជាន់ខ្ពស់​រូប​នេះ បាន​សង្កត់ធ្ងន់​ដូច្នេះ កម្ពុជា​កំពុង​មមាញឹក​លើ​ការ​ត្រួតពិនិត្យ​លក្ខខណ្ឌ​ភូតគាម​អនាម័យ​លើ​ការ​នាំ​ចេញ​ផ្លែ​មៀន និង​ត្រី​ប្រា បើ​គ្មាន​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ កម្ពុជា នឹង​អាច​នាំ​ចេញ​ផ្លែ​មៀន ត្រី​ប្រា និង​ផលិតផល​កសិកម្ម ដទៃ​មួយ​ចំនួន​ទៀត​នៅ​ដើមឆ្នាំ​២០២២​។

ដ្បិត មេរោគ​កូ​វី​ដ​១៩ បាន​បន្ត​អូស​បន្លាយ​នៅ​កម្ពុជា​អស់​រយៈពេល​២​ឆ្នាំ​ក៏​ដោយ​ចុះ តែ​កម្ពុជា នៅ​តែ​អាច​សម្រេច​បាន​កំណើន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូច​ជា ផលិតផល​វាយនភ័ណ្ឌ និង​កសិកម្ម ជាដើម​។ តួយ៉ាង តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម រយៈពេល​១០​ខែ ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​សរុប ជាង​១​ពាន់​២​រយ​លាន​ដុល្លារ ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០ កើនឡើង ៤៩%​។ ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​វិញ មាន​ជាង ៧​ពាន់​៧​រយ​លាន​ដុល្លារ កើនឡើង​៣៧%៕ 

None



អត្ថបទបន្ទាប់


វៀតណាមបន្ដរឹតបន្ដឹងលើការនាំចូលទំនិញពីប្រទេសជិតខាង ដោយសារបារម្ភពីការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មី

ប្រទេសវៀតណាម កាន់តែបង្កើនការរឹតត្បិតលើការត្រួតពិនិត្យទំនិញចេញ-ចូល ព្រោះតែបារម្ភពីការឆ្លងកូវីដ-១៩ ខណៈប្រទេសនេះ បានរកឃើញនូវចំនួនអ្នកឆ្លងក…

ការនាំចេញគ្រាប់ស្វាយចន្ទីមានកំណើនច្រើនលើសការនាំចេញស្រូវ-អង្ករដល់ទៅជាង៦០០លានដុល្លារនៅ១១ខែក្នុងឆ្នាំ២០២១

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅជិតពេញមួយឆ្នាំ២០២១នេះ សម្រេចបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ ដំណាំគ្រាប់ស្វាយ ដែលជាដំណាំស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ