វិស័យកាត់ដេរសម្លៀកបំពាក់

វិស័យកាត់ដេរសម្លៀកបំពាក់ចាប់ផ្ដើមមានស្ថិរភាពឡើងវិញហើយ តើមកពីកត្តាអ្វីខ្លះ?


វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានបង្ហាញពីការងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានដាំក្បាលចុះអស់មួយរយៈ បន្ទាប់ពីមានការរាតត្បាតខ្លាំងដោយសារតែបញ្ហាកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ការផលិត និងខ្សែចង្វាក់ផ្គត់ផ្គង់។ យ៉ាងណាមិញ នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានដល់ទៅជាង៥ពាន់លានដុល្លារ កើនឡើង ៣% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ស្ដីពីការនាំចេញសម្លៀកបំពាក់ របស់ក្រសួងពាណិជ្ជកម្ម ដែលផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីស។
កម្មកររោងចក្រកំពុងដេរសម្លៀកបំពាក់

យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្ដល់​ឱ្យ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស បាន​បង្ហាញ​ថា រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ចំណូល ប្រមាណ ៥​ពាន់​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ដែល​មានការ​កើនឡើង ជាង​១៦០​លាន​ដុល្លារ ដែល​ស្មើនឹង​កំណើន​ជាង ៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២០ កម្ពុជា​ដែល​ធ្លាប់​ទទួល​បាន​ចំណូល​ត្រឹមតែ​ជាង ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ក្នុង​វិស័យ​នេះ បាន​មើលឃើញ​ថា វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ នៅ​កម្ពុជា ចាប់ផ្ដើម​មាន​ស្ថិរភាព និង​មាន​ភាព​ប្រសើរ​ឡើង​វិញ នា​រយៈពេល​ចុង​ក្រោយ​នេះ​។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​អះអាង​ថា ដ្បិតថា បញ្ហា​កូ​វី​ដ​-១៩ ជា​បញ្ហា​ចម្បង តែ​វា​ក៏​បង្កើត​ឱកាស​សម្រាប់​កម្ពុជា​ដែរ​។ ក្នុង​ន័យ​នេះ វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ប្រទេស​ដទៃ មួយ​ចំនួន​ផ្អាក​ដំណើរការ​ផលិត ក្នុង​ផលិតកម្ម​សម្លៀក​បំពាក់ ដោយសារ​ការ​ឆ្លង​រាលដាល​ខ្លាំង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ ទីផ្សារ​ក៏​ងាក​មក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​វិញ ទើប​ធ្វើ​ឱ្យ​រយៈពេល​ចុង​ក្រោយ​នេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ហាក់​កាន់តែ​ប្រសើរ​ឡើង​។ លោក កាំ​ង ម៉ូ​នី​កា បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រទេស​អា​មេ​រិ​ក ជាទី​ផ្សារ​ធំ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដទៃ ដែល​បាន​បញ្ជា​ទិញ​សម្លៀក​បំពាក់ របស់​កម្ពុជា នា​រយៈពេល​ចុង​ក្រោយ​នេះ​។ 

ជុំវិញ​ស្ថានភាព ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​លោក កាំ​ង ម៉ូ​នី​កា យល់​ឃើញ​ថា ផលិតភាព​ផលិតកម្ម ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ ចាប់ផ្ដើម​មាន​ស្ថិរភាព​ឡើង​វិញ ជា​បណ្ដើរ​ៗ បន្ទាប់​ពី​បណ្ដា​រោងចក្រ​មានការ​គ្រប់គ្រង និង​វិធានការ​ត្រឹមត្រូវ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដ្បិតថា កន្លង​មក បញ្ហា​កូ​វី​ដ​-១៩ និង​ម​ធ្យា​បាយ​ដឹក​ជញ្ជូន បាន​បង្ករ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ដំណើរការ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា តែ​កម្ពុជា នៅ​តែ​អាច​រក្សា​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ របស់​ខ្លួន​បាន​។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ជូន​កុមារ​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​» ថា កន្លង​មក បញ្ហា​កូ​វី​ដ​-១៩ និង​ការ​កង្វះ​ទូរ​កុង​ត័​រ​នឺ បាន​ក្លាយជា​ឧបសគ្គ របស់​កម្ពុជា ក្នុង​ដំណើរការ​នៃ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន ទៅ​កាន់​ទីផ្សារ ក៏​ប៉ុន្តែ ដំណើរការ​ផលិតកម្ម ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ របស់​កម្ពុជា នៅ​តែ​អាច​ដំណើរការ និង​អាច​នាំ​ចេញ​ទំនិញ តាម​ធម្មតា​។

បើ​ទោះបី ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២១ ការ​នាំ​ចេញ​សម្លៀក​បំពាក់ មាន​កើនឡើង​តិចតួច ក៏​ពិតមែន តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មើលឃើញ​ថា វិស័យ​កាត់ដេរ សម្លៀក​បំពាក់ នៅ​កម្ពុជា នា​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​មាន​សន្ទុះ​ឡើង​វិញ ព្រោះ​មានការ​បញ្ជា​ទិញ​ជា​បន្តបន្ទាប់​។ បើ​តាម​សម្តេច តេ​ជោ ហ៊ុន សែន ដោយសារ​តែ​ប្រទេស​មួយ​ចំនួន ដូច​ប្រទេស​ប្រេ​ស៊ី​ល បង់​ក្លា​ដេ​ស និង​ប្រទេស​មី​យ៉ា​ន់​ម៉ា វៀតណាម​ជាដើម គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​បាន ទើបបាន​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​សម្រុក​មក​បញ្ជា​ទិញ​ពី​កម្ពុជា​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានការនាំចេញ ១១ពាន់លានដុល្លារ ធ្លាក់ចុះជាង៥% នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
នៅ៨ខែឆ្នាំ២០២១នេះ កម្ពុជានៅតែមានការធ្វើពាណិជ្ជកម្មនាំចេញនាំចូលច្រើន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បើទោះបីជាតួលេខនាំចេញរបស់កម្ពុជា…

កំពូលស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីយ៉ាវ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព័ត៌មាន
ទីបំផុតស្ដេចប្រដាល់អាស៊ី ម៉ានី ប៉ាក់គីអៅ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានប្រកាសថា ខ្លួន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ