ចាប់តាំងពីធនាគារជាតិនៃកម្ពុជាអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញនៅដើមឆ្នាំ២០២០ មកដល់បច្ចុប្បន្នមានអ្នកស្នើសុំរៀបចំឥណទានឡើងវិញកើនដល់ជាង៣៥ម៉ឺនគណនីហើយ ដែលមានទំហំប្រាក់កម្ចីសរុបជាង ១ពាន់៦រយលានដុល្លារអាមេរិក។
ការឆ្លងរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលជិត៨ខែកន្លងមកនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រកបអាជីវកម្ម និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហានេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលមានកាតព្វកិច្ចត្រូវសងប្រាក់ត្រឡប់ទៅឲ្យគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុជួបការលំបាក ដោយសារខ្វះលទ្ធភាព។ ដើម្បីជួយសម្រួលការលំបាកនេះ ធនាគារជាតិ នៃកម្ពុជាបានសម្រេចដាក់ចេញវិធានការ ដោយតម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ខ្លាំង ឬមធ្យម។ ក្រោយវិធានការនេះ ត្រូវបានដាក់ចេញ គេសង្កេតឃើញអតិថិជនជាច្រើនបានមកស្នើសុំរៀបចំឡើងវិញជាបន្តបន្ទាប់។
ពាក់ព័ន្ធបញ្ហានេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញថា ក្រោយកម្ពុជាផ្ទុះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអតិជនជាច្រើនបានមកដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថនានាទូទាំងប្រទេស។ជាក់ស្តែង នៅអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០២១ មានអតិថិជនខ្ទង់ម៉ឺននាក់ក្នុង១សប្តាហ៍បានមកស្នើសុំរៀបចំឥណទានឡើងវិញ ខណៈមុនព្រឹត្តិការណ៍នេះកើនឡើងមានខ្ទង់រយនាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ឃើញថា ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១១១ រួមទាំងធនាគារចំនួន៤ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺមានការថយចុះជាបន្តបន្ទាប់។ លោកអះអាងថា នៅពីរខែចុងក្រោយនេះ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានខ្ទង់១ពាក់នាក់ប៉ុណ្ណោះក្នុងមួយសប្តាហ៍។
ជាមួយគ្នាដែរ បើតាមការគូសបញ្ជាក់របស់លោក ផល វ៉ាន់ឌី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងដែរថា នៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ កន្លងមកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជិត៧ម៉ឺនគណនី ដែលមានទំហំទឹកប្រាក់ជាង៣រយលានដុល្លារអាមេរិក។ ប៉ុន្តែ បើរាប់តាំងពីមានការអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញពីសំណាក់ធនាគារជាតិ ឃើញថា រហូតមកដល់បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជាង ៣៥ម៉ឺនគណនីហើយ ដោយទំហំទឹកប្រាក់ជាង១ពាន់៦រយលានដុល្លារអាមេរិក។
ប្រធានសមាគមរូបនេះគូសបញ្ជាក់បន្ថែមថា ការដាក់ចេញវិធានការរៀបចំឥណទានឡើងវិញពីធនាគារជាតិនៃកម្ពុជា គួបផ្សំការអនុវត្តវិធានការយោគយល់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ បានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុអាចរក្សាបាននូវកំណើនឥណទានមិនដំណើរការក្នុងរង្វង់ក្រោម២%។ កត្តានេះបានឆ្លុះបញ្ចាំងឲ្យឃើញថា សុខភាពក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានរំពឹងរឹងមាំ ទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា នៅឆមាសទី១ក្នុងឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជាង ៣៦ម៉ឺនគណនី ដែលមានទំហំទឹកប្រាក់ប្រមាណ៥ពាន់៥រយលានដុល្លារ៕