តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណ៩០សេនមកនៅត្រឹមជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយ លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលវាយប្រហារលើរោងចក្រផលិតថាមពលរបស់អ៊ីរ៉ង់។
Story: សារព័ត៌មានសឹង្ហបុរី CNA បានរាយការណ៍នៅថ្ងៃទី២៧ ខែមីនា នេះថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានរអិលធ្លាក់ចុះភ្លាមៗនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសផ្អាកគម្រោងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលរបស់អ៊ីរ៉ង់ ដើម្បីទុកឱកាសឱ្យការចរចា។ តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេសបានធ្លាក់ចុះ៩០សេន មកនៅត្រឹមជាង ១០៧ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងឆៅនៅលើទីផ្សារអាម៉េរិកធ្លាក់ចុះ៨៣សេន មកនៅត្រឹមជាង ៩៣ដុល្លារក្នុង១បារ៉ែល។
ពាក់ព័ន្ធនឹងវិវាទដ៏ស្រួចស្រាវរវាងអាម៉េរិក និងអ៊ីរ៉ង់ លោក ត្រាំ បានបញ្ជាក់តាមរយៈបណ្តាញសង្គម Truth Social ថា លោកនឹងផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមហេតុផលថា ធ្វើឡើងតាមសំណើរបស់ភាគីអ៊ីរ៉ង់។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានចេញមកអះអាងថា អ៊ីរ៉ង់មិនបានចរចាណាមួយជាមួយភាគីអាម៉េរិកនោះទេ។
ទោះបីជាការចរចាជាផ្លូវការមិនទាន់លេចរូបរាងច្បាស់លាស់ក៏ពិតមែន ប៉ុន្តែអ៊ីរ៉ង់បានបង្ហាញសញ្ញាបន្ធូរបន្ថយ ដោយអនុញ្ញាតឱ្យនាវាដឹកប្រេងយ៉ាងហោចណាស់១០គ្រឿងអាចឆ្លងកាត់ច្រកសមុទ្រ Hormuz រួមមាននាវារបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បន្ទាប់ពីមានហេតុការណ៍ឆេះនាវាមួយគ្រឿងនាពេលកន្លងទៅ។
ជុំវិញស្ថានភាពក្តៅនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងខាងការទូតជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប និងតួកគី នាវាដឹកប្រេង និងពលករម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឱ្យចាកចេញតាមច្រកសមុទ្រហ័រម៉ូស ដោយសុវត្ថិភាព។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងនៅតែរក្សាការឧបត្ថម្ភធនលើតម្លៃប្រេង ប៉ុន្តែនឹងត្រូវរឹតបន្តឹងការបែងចែក ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃការរំខានដល់ការផ្គត់ផ្គង់នាពេលនេះ៕
ដោយៈ សរ សុជាតិ