លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជា កំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនមិនធ្លាប់មានពីមុនមក ក្រោយពេលជំងឺឆ្លងរាតត្បាតកូវីដ-១៩ បានផុតរលត់ទៅ ដែលបានឆ្លុះបញ្ចាំងពីថាមវ័ន្ត និងភាពធន់រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលការរីកចម្រើនធំធាត់នៃវិស័យនេះ ត្រូវបានជំរុញនិងគាំទ្រដោយសហគ្រិនដែលមានគំនិតច្នៃប្រឌិត ប្រជាជនវ័យក្មេង និងការកើនទ្បើងនូវកម្រិតអន្តរទំនាក់ទំនងឌីជីថល។
ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី«សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ដលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា»នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
លោកជំទាវរដ្ឋមន្ត្រី បានចាត់ទុកសិក្ខាសាលារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)នេះ គឺជាការផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅមួយដោយផ្តោតលើអនាគតនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងវិធីសាស្រ្តដែលអាចឱ្យកម្ពុជា ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលនវានុវត្តន៍ ឌីជីថល និងសេដ្ឋកិច្ចប្រកប ដោយចីរភាពរបស់វិទ្យាស្ថាន ERIA ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា។
ពាក់ព័ន្ធការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា លោកជំទាវ ចម និម្មល បានលើកឡើងថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគោលបំណងទាញប្រយោជន៍ពីបច្ចេកវិទ្យាក្នុងការជំរុញប្រសិទ្ធភាពសង្គមនិងសេដ្ឋកិច្ច។ ក្រោមក្របខ័ណ្ឌ និងគោលនយោបាយទាំងនេះ រាជរដ្ឋាភិបាល បានកំណត់គោលដៅសំខាន់ៗចំនួន៥ រួមមាន ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ ឌីជីថល, ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តក្នុងប្រព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ដើម្បីទាញយកអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថលតាមរយៈមជ្ឈមណ្ឌល E-DISC ក៏ដូចជានៅក្នុងការចូលរួមនាពេលអនាគតបន្តទៀត លោកជំទាវរដ្ឋមន្ត្រី បានណែនាំឱ្យបង្កើនការយល់ដឹងរួមអំពីប្រព័ន្ធអេកូទ្បូស៊ីឌីជីថលនៅកម្ពុជា និងនៅក្នុងបណ្តាប្រទេសអាស៊ានដទៃទៀត និងត្រូវមានសមត្ថភាពលើកកម្ពស់គោលនយោបាយនវានុវត្តន៍ ដែលសម្រួលដល់ការរីកចម្រើននិងការអភិវឌ្ឍឧស្សាហកម្ម និងក្រុមហ៊ុននានា នៅក្នុងសេដ្ឋកិច្ចឌីជីថល ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមដែលម្ចាស់ធុរកិច្ចកំពុងជួបប្រទះជាដើម៕