កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ

ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំធំមួយ គ្រោងផលិតស្រាម្នាស់ជាង១ម៉ឺនដបក្នុងមួយឆ្នាំ និងពង្រីកការដាំដុះឲ្យបាន១លានដើម


ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំដុះ និងកែច្នៃម្នាស់ទឹកឃ្មុំធំជាងគេមួយនៅខេត្តស្ទឹងត្រែង បានអះអាងថា លោកនៅតែបន្តមហិច្ឆតាពង្រីកផែនការដាំដុះម្នាស់ទឹកឃ្មុំឱ្យបាន ១លានដើម នៅលើផ្ទៃដី ៣០ហិចតាក្នុងឆ្នាំនេះ។ ព្រមជាមួយគ្នានេះ សហគ្រិនកសិកម្មរូបនេះ ក៏កំពុងពង្រីករោងចក្រសិប្បកម្មកែច្នៃស្រាម្នាស់ដែលមានស្តង់ដារត្រឹមត្រូវ សម្រាប់លក់នៅលើទីផ្សារឱ្យបានប្រមាណ១ម៉ឺនដប នៅក្នុងឆ្នាំសាកល្បងដំបូងនេះផងដែរ។
ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំធំមួយ គ្រោងផលិតស្រាម្នាស់ជាង១ម៉ឺនដបក្នុងមួយឆ្នាំ និងពង្រីកការដាំដុះឲ្យបាន១លានដើម
ដោយ

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ ផាយនេបផល ដែលមានទីតាំងនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ទីផ្សារម្នាស់ទឹកឃ្មុំ ក៏ដូចជាទឹកម្នាស់របស់លោកនាពេលបច្ចុប្បន្នមានភាពល្អប្រសើរខ្លាំងគួឲ្យកត់សម្គាល់ ដ្បិតមានការគាំទ្រច្រើនពីសំណាក់អតិថិជន។ ជាងនេះទៅទៀត ក្រោយពីទទួលបានដើមទុនសម្រាប់ពង្រីកកសិដ្ឋាន និងសិប្បកម្ម ពីធនាគារសហគ្រាសធនតូច និងមធ្យមកាលពីពេលថ្មីៗនេះរួចមក សិប្បកម្មរបស់លោកក៏កំពុងរៀបចំពង្រីករោងចក្រកែច្នៃទឹកម្នាស់ និងស្រាម្នាស់ឱ្យកាន់តែទំនើបផងដែរ ដែលនឹងអាចរៀបចំរួចរាល់នៅចុងខែឧសភាខាងមុននេះ។

បើតាម លោក ករុណា ក្រោយពីកន្លែងកែច្នៃស្រាម្នាស់នេះរួចរាល់ លោកនឹងផលិតស្រាម្នាស់ប្រមាណជាង ១ម៉ឺនដបសម្រាប់សាកល្បងលក់ក្នុងឆ្នាំដំបូងនេះ ហើយប្រសិនមានការគាំទ្រ និងតម្រូវការទីផ្សារច្រើនពីអតិថិជននោះ រោងចក្ររបស់លោកក៏មានលទ្ធភាពអាចផលិតបានចំនួនច្រើនដល់ជាងរាប់សែនដបក្នុងមួយឆ្នាំៗផងដែរ។ ខណៈការផលិតទឹកម្នាស់វិញ គឺអាចផលិតបានប្រមាណ ១ម៉ឺនដបក្នុងមួយថ្ងៃ។

ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំរូបនេះ បញ្ជាក់ឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣នេះ លោកមានមហិច្ឆតា ពង្រីកផែនការដាំដុះម្នាស់ទឹកឃ្មុំបន្ថែមឱ្យបានចំនួន៣០ហិចតា បន្ថែមលើផ្ទៃដីចាស់ចំនួន១៨ ហិចតា ដែលនឹងអាចពង្រីកការដាំដុះឱ្យបានដល់ជាង១លានដើម ព្រមជាមួយនឹងការពង្រឹងគុណភាពកែច្នៃ និងវិចខ្ចប់ឲ្យកាន់តែល្អតាមស្តង់ដារផងដែរ។ យ៉ាងណាមិញ ម្នាស់ទឹកឃ្មុំ របស់លោក ករុណា គឺអាចលក់បានក្នុងតម្លៃចាប់ពី៥ពាន់រៀលឡើងទៅក្នុងមួយផ្លែទៅតាមទំហំ និងលក់បោះដុំចាប់ពី១០០គីឡូក្រាមឡើងទៅ ដោយក្នុង១គីឡូក្រាមមានតម្លៃប្រមាណ ៣ពាន់រៀល។ ហើយបច្ចុប្បន្នម្នាស់ទឹកឃ្មុំក្នុងកសិដ្ឋានរបស់លោក អាចលក់ចេញបានចន្លោះពី ៧០០គីឡូ ទៅ១តោនក្នុងមួយថ្ងៃៗ។

លោក សាយ ពន្លឺចិត្តៈករុណា បានបន្ថែមថា កន្លងមកម្នាស់ទឹកឃ្មុំរបស់លោក ក៏មានការចាប់អារម្មណ៍បញ្ជាទិញពីក្រៅប្រទេសផងដែរ ក៏ប៉ុន្តែរហូតមកទល់ពេលនេះនៅមានទាន់អាចនាំចេញទៅក្រៅប្រទេសបាននោះទេ ដោយលោកបានសង្កត់ធ្ងន់ថា ទាល់តែមានដៃគូសហការទើបអាចធ្វើការនាំចេញបាន ពីព្រោះថាដើមទុនសម្រាប់ធ្វើកិច្ចការងារនេះនៅមានកម្រិតនៅឡើយ។ លោក ករុណា បញ្ជាក់ទៀតថា រហូតមកទប់ពេលនេះ កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ ផាយនេបផល បានចំណាយទុនអស់ប្រមាណជាង ៥៥ម៉ឺនដុល្លារហើយ ខណៈដែលលោកត្រូវការទុនប្រមាណ ២លានដុល្លារទៀត សម្រាប់ធ្វើការអភិវឌ្ឍសិប្បកម្មកែច្នៃទឹកម្នាស់ឱ្យមានលក្ខណៈបច្ចេកទេសទំនើប ដើម្បីទទួលបានទឹកម្នាស់ដែលមានស្តង់ដារ ទាំងការវេចខ្ចប់ ធានាបានទាំងគុណភាព និងរសជាតិជូនដល់អតិថិជន សម្រាប់លក់លើទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញផងដែរ៕




អត្ថបទបន្ទាប់


ប្រាក់ចំណេញផ្នែកឧស្សាហកម្មរបស់ចិនធ្លាក់ចុះជិត៣០% នៅ២ខែដំបូងនៅឆ្នាំ២០២៣

ការធ្លាក់ចុះប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិន បន្ដមានដល់ប្រមាណ ៣០% ក្នុងរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៣ ដោយសារតែការថយចុះតម្រ…

អ្នកជំនាញថា ទីផ្សារដីធ្លីនៅកម្ពុជាចាប់ផ្ដើមកម្រើកឡើងវិញហើយ ប៉ុន្ដែការវិនិយោគត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានកត់សម្គាល់ឃើញថា វិស័យដីធ្លីនៅកម្ពុជា នៅតែមានភាពធន់រឹងមាំ និងកំពុងបង្ហាញពីសញ្ញាណវិជ្ជមានឡើងវិញនៅឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ